សហរដ្ឋអាមេរិក និង ក្រុមតាលីបង់ ព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាននាចុងខែកុម្ភៈនេះ

សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ និងក្រុមតាលីបង់បានសេចក្តីថ្លែងការណ៍ដំណាលគ្នាមួយនៅថ្ងៃទី២១ ខែកុម្ភៈនេះថា កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និង ក្រុមតាលីបង់នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៩ ខែកុម្ភៈ ក្នុងទីក្រុងដូហា ប្រទេសកាតា ដែលនឹងបើកផ្លូវឱ្យមានការបិទបញ្ចប់សង្គ្រាមយូរក្នុងប្រវត្តិសាស្រ្តនៅអាហ្វហ្គានីស្ថាន ។

កិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យមានការដកកងកម្លាំងអាមេរិកទាំងអស់ តាមដំណាក់កាលចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានារ៉ាប់រងពីក្រុមតាលីបង់ថា ពួកគេនឹងមិនអនុញ្ញាតឱ្យដែនដីនៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវប្រើប្រាស់សម្រាប់ការធ្វើភេរវកម្ម ហើយថា ពួកគេនឹងចូលរួមក្នុងដំណើរការផ្សះផ្សាគ្នាជាមួយជនជាតិអាហ្វហ្គានីស្ថានឯទៀតៗ ។

នៅមុនពិធីចុះហត្ថាលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ក៏នឹងមានរយៈពេល៧ថ្ងៃសម្រាប់ការកាត់បន្ថយអំពើហិង្សា ដោយចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ ខែកុម្ភៈនេះតែម្តង ដែលនឹងត្រូវសង្កេតការដោយភាគីទាំងអស់ក្នុងសង្គ្រាមនេះ, កងកម្លាំងអាមេរិក, ក្រុមតាលីបង់ និង កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner