ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថ្កោលទោសផែនការបើករមណីយដ្ឋាន តួកគី-ស៊ីប ឡើងវិញ

មជ្ឈិមបូព៌ា​៖​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ បាន​ថ្កោល​ទោស​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តួកគី​ និង​តួកគី-ស៊ីប​ លើ​ផែនការ​បើក​​រមណីយ​ដ្ឋាន​ក្រុង​Varosha​ ឡើង​វិញ​ ​និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​បន្ទាន់​នូវ​សកម្មភាព​ឯក​តោភាគី​របស់​ខ្លួន​ ដោយ​ព្រមាន​ថា​ វា​អាច​នឹង​បង្កើន​ភាព​តាន​តឹង​នៅ​លើ​ដី​កោះ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​​នេះ​។​

​សេចក្ដី​ថ្លែងការណ៍​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៣ ​កក្កដា​ បាន​និយាយ​ថា​ ការ​ប៉ុនប៉ង​ដើម្បី​ដោះ​ស្រាយ​ផ្នែក​ណាមួយ​នៃ​ជាយ​ក្រុង​ Varosha ​ដោយ​ក្រុម​មនុស្ស​ផ្សេង​ក្រៅ​ពី​ប្រជាជន​របស់​ខ្លួន​ គឺ​មិន​អាច​ទទួល​យក​បាន​។​

ការ​ថ្កោល​ទោស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មេដឹក​នាំ​តួកគី-ស៊ីប​ កាល​ពី​ថ្ងៃ​អង្គារ​​ សប្ដាហ៍​មុន​បាន​ប្រកាស​ថា​ ផ្នែក​មួយ​នៃ​ក្រុង​ Varosha ​ដែល​ត្រូវ​បាន​បោះ​បង់​ចោល​ក្នុង​ទំហំ​ប្រហែល​ ៣,៥ ​គីឡូម៉ែត្រ​ក្រឡា​ នឹង​ត្រូវ​បើក​ឡើង​វិញ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​គ្រប់គ្រង​ដោយ​យោធា​ ទៅ​ជា​ជន​ស៊ីវិល​។​ ការណ៍​នេះ​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ខឹង​សម្បារ​ពី​រដ្ឋាភិបាល​ក្រិក-ស៊ីប​ ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ រួម​ទាំង​ការ​មិន​យល់​ព្រម​ពី​មហា​អំណាច​លោក​ខាង​លិច​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​​​។​

​ឆ្លើយ​តប​នឹង​ការ​ថ្កោល​ទោស​ថ្មី​ៗ​ ក្រសួង​ការ​បរទេស​តួកគី​បាន​ច្រាន​ចោល​​សេចក្ដី​ថ្លែងការណ៍​​នេះដោយ​និយាយ​ថា​ ​បាន​ផ្អែក​លើ​ការ​អះអាង​ដោយ​គ្មាន​មូល​ដ្ឋាន​ ​មិន​ស៊ី​គ្នា​នឹង​ភាព​ពិត​នៅ​លើ​កោះ​ស៊ីប​។​

កោះ​ស៊ីប​ភាគ​ខាង​កើត​ ត្រូវ​បាន​បែកខ្ញែក​គ្នា​​​ដោយ​​ការ​ឈ្លាន​ពាន​របស់​តួកគី​ក្នុង​ឆ្នាំ ​១៩៧៤ ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋ​ប្រហារ​​ដឹក​នាំ​ដោយ​ក្រិក​។ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សន្តិភាព​នានា​ត្រូវ​បាន​ធ្វើ​ឡើង​ ប៉ុន្តែ​បាន​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​។​

នៅ​ក្រោម​លក្ខខណ្ឌ​នៃ​ផែនការ​បង្រួប​បង្រួម​​ជាតិ ​អ.ស.ប ​ឆ្នាំ ​២០០៤ ​ក្រុង​ Varosha ​គឺ​ជា​ផ្នែក​មួយ​នៃ​តំបន់​ដែល​នឹង​ត្រូវ​ប្រគល់​ឱ្យ​ប្រជាជន​របស់​ខ្លួន​វិញ​ក្រោម​រដ្ឋបាល​របស់​ប្រទេស​ក្រិក-ស៊ីប​។​ ផែនការ​នេះ​ ត្រូវ​បាន​បដិសេធ​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​មួយ​ដោយ​រដ្ឋបាល​ដដែល​។​

​ប្រភព៖ Reuter

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner