ចិនបានផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា
ចិនតាមរយៈអាជ្ញាធរខេត្តយូណាន ដែលស្ថិតនៅភាគខាងត្បូងប្រទេស បានផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១ម៉ឺនដូស ទៅកាន់កងទ័ពឯករាជ្យកាឈីន (KIA) ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ KIA លោក Naw Bu ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP។
យោងតាមប្រភពខាងលើបានឱ្យដឹងថា វ៉ាក់សាំងមួយចំនួនត្រូវបានផ្ដល់ឱ្យតាមរយៈការបរិច្ចាគ និងមួយចំនួនទៀតតាមរយៈការទិញ ប៉ុន្តែមិនបានបញ្ជាក់អំពីតួលេខច្បាស់លាស់ទេ។ ពួកគេក៏មិនបានបញ្ជាក់ថាពួកគេបានទទួលវ៉ាក់សាំងចិនប្រភេទមួយណាទេ។
រដ្ឋាភិបាលរដ្ឋធានីប៉េកាំងក៏បានផ្ដល់វ៉ាក់សាំងទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ ដោយកាលពីថ្ងៃសុក្រកន្លងទៅ វ៉ាក់សាំងស៊ីណូហ្វាមចំនួនប្រមាណ ៧៣ម៉ឺនដូស ត្រូវបានដឹកមកកាន់ទីក្រុងយ៉ាំងហ្គូន។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រជាជនរស់នៅតាមបណ្ដោយព្រំដែនចិននឹងទទួលបានអាទិភាពក្នុងការទទួលបានវ៉ាក់សាំងនេះ។
ការផ្ដល់វ៉ាក់សាំងទៅកាន់មីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីចិនរកឃើញការកើនឡើងនូវករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមព្រំដែន ដោយកាលពីដើមខែនេះ ប្រទេសនេះរកឃើញ ៥៧ករណី ដោយក្នុងនោះមាន ១៥ករណីកើតឡើងនៅទីក្រុងដែលជាប់នឹងព្រំដែនប្រទេសមីយ៉ាន់ម៉ា។
ជាមួយគ្នានេះដែរ ករណីវិជ្ជមាននៅមីយ៉ាន់ម៉ា ក៏កាន់តែកើនឡើង ដោយក្នុងសប្ដាហ៍មុនប្រទេសនេះរកឃើញជាមធ្យម ៥ពាន់ករណី និងស្លាប់រាប់រយករណីក្នុងមួយថ្ងៃៗ។ ទន្ទឹមនឹងការកើនឡើងនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំមីយ៉ាន់ម៉ាលោក Chen Hai បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ទូតចិនថា នៅតាមព្រំដែនចិន-មីយ៉ាន់ម៉ា មានករណីវិជ្ជមានថ្មីជាច្រើន៕

ប្រភព៖ Reuters