លោក ស៊ី ជិនពីង អរគុណមហាសេដ្ឋីអាមេរិក លោក Bill Gates ចំពោះការផ្តល់ជំនួយសប្បុរសធម៌១០០លានដុល្លារប្រឆាំងនឹងវីរុស COVID-19
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសរសេរលិខិតតបទៅលោក Bill Gates វិញ បន្ទាប់ពីកំពូលមហាសេដ្ឋីអាមេរិករូបនេះ បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក ពាក់ព័ន្ធនឹងស្ថានភាពនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ។

នៅក្នុងសារលិខិតរបស់លោក Bill Gates បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកុម្ភៈនេះ មូលនិធិ Bill & Melinda Gates Foundation បានសម្រេចផ្តល់ថវិកា១០០លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់ដល់ចិន ដែលភាគច្រើននឹងជួយដល់ប្រទេសចិន ដើម្បីជម្រុញការស្រាវជ្រាវ ទប់ស្កាត់ការរាតត្បាតបន្ទាន់ និង អភិវឌ្ឍថ្នាំព្យាបាល ព្រមទាំងការផលិតវ៉ាក់សាំង និង ធ្វើរោគវិនិច្ឆ័យ ។

ដោយឡែកសារលិខិតរបស់លោក ស៊ី ជិនពីង បានបញ្ជាក់វិញថា លោកសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះទង្វើប្រកបដោយក្តីសប្បុរស នៃមូលនិធិ Bill & Melinda Gates Foundation ព្រមទាំងលិខិតដែលបង្ហាញអំពីសាមគ្គីភាពរបស់អ្នក ចំពោះប្រជាជនចិននៅក្នុងគ្រាដ៏ចាំបាច់នេះ ៕



