នាយករដ្ឋមន្ត្រីរុស្ស៊ី នឹងធ្វើទស្សនកិច្ចនៅកោះកំពុងមានជម្លោះជាមួយជប៉ុន
កាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា មន្ត្រីរុស្ស៊ីមួយរូប បាននិយាយថានាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin គ្រោងនឹងធ្វើទស្សនកិច្ចនៅកោះមានជម្លោះមួយ ដែលគ្រប់គ្រងដោយរុស្សីប៉ុន្តែទាមទារដោយជប៉ុន ក្នុងរយៈពេល ២ ថ្ងៃខាងមុខ ដែលនេះជាទស្សនកិច្ចដំបូងបន្ទាប់វិសោធនកម្មរដ្ឋធម្មនុញ្ញរុស្សីហាមឃាត់ប្រទេសមិនឱ្យប្រគល់ទឹកដីទៅអំណាចបរទេស។
ដំណើរទស្សនកិច្ចដែល បានគ្រោងទុកនៅកោះ Etorofu ដោយ លោក Mishustin ដែលអាចនឹងធ្វើឡើងនៅថ្ងៃចន្ទ ឬថ្ងៃអង្គារខាងមុខនេះ ក៏នឹងជាដំណើរលើកដំបូងទៅកាន់កោះមានជម្លោះដោយនាយករដ្ឋមន្ត្រីរុស្សី ចាប់តាំងពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមុនលោក Dmitry Medvedev នៅខែ សីហាឆ្នាំ ២០១៩ ។
កាលពីថ្ងៃសុក្រប្រធានាធិបតីរុស្សីលោក វ៉្លាឌីមៀរ ពូទីន បាននិយាយថាលោកបានប្រាប់ លោក Mishustin មុនពេលដំណើរទស្សនកិច្ចតំបន់ចុងបូព៌ារុស្ស៊ី ឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះកោះនានា ហើយបានបន្ថែមថាលោក Mishustin បានធ្វើសំណើល្អស្តីពីសកម្មភាពសេដ្ឋកិច្ចរួមគ្នារវាងជប៉ុននិងរុស្ស៊ីនៅលើកោះមានជម្លោះទាំង ៤ ដែលត្រូវបានគេស្គាល់ថាជា «ដែនដីភាគខាងជើង ក្នុងប្រទេសជប៉ុន និង «ប្រជុំកោះ Kurils ខាងត្បូង» នៅក្នុងប្រទេសរុស្ស៊ី។
ប្រទេសទាំងពីរបានព្រមព្រៀងអនុវត្ត គម្រោងសេដ្ឋកិច្ច រួមគ្នានៅលើកោះទាំងនេះ ទៅលើវិស័យ ដូចជា វារីវប្បកម្ម ថាមពលខ្យល់ និងការកាត់បន្ថយកាកសំណល់ ដែលជាលំហាត់កសាងជំនឿទុកចិត្តគ្នា។
ជម្លោះលើប្រជុំកោះEtorofu, Kunashiri, Shikotan និង Habomai បានចាប់ផ្ដើមបន្ទាប់សហភាពសូវៀតរឹបអូសកោះទាំងនេះពីជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ក្នុងឆ្នាំ ១៩៤៥ ហើយជម្លោះនេះបានរារាំងប្រទេសទាំងពីរមិនឲ្យធ្វើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាម។



ប្រភព៖ Kyodo News