សហរដ្ឋអាមេរិកនឹងបន្តការវាយប្រហារតាមអាកាស ដើម្បីជួយអាហ្វហ្គានីស្ថាន ទប់ស្កាត់តាលីបង់

កាល​ពី​អាទិត្យនេះ មេបញ្ជាការ​សហរដ្ឋអាមេរិក​ប្រចាំ​មជ្ឈិមបូព៌ា​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​ដើម្បី​កង​យោធា​អាហ្វហ្គានីស្ថាន​ក្នុង​ការ​ទប់​ស្កាត់​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​។

តាលីបង់​បាន​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ដោយ​ដណ្ដើម​យក​តំបន់​ជនបទ និង​ទី​រួម​ខេត្ត​ជា​ច្រើន​ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បញ្ជា​ឱ្យ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​។

មេបញ្ជាការ​បញ្ជា​ការដ្ឋាន​មជ្ឈិមបូព៌ា​នាយ​ឧត្ដមសេនីយ៍​ Kenneth McKenzie បាន​និយាយ​ថា​៖ «សហរដ្ឋអាមេរិក​បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ការ​គាំទ្រ​ដល់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ហើយ​យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​បន្ត​ការ​គាំទ្រ​កម្រិត​ខ្ពស់​នេះ​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ប្រសិន​បើ​តាលីបង់​នៅ​តែ​បន្ត​ការ​វាយ​ប្រហារ​របស់​ពួក​គេ​»។

ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​នេះ​បន្ទាប់​ពី​ការ​ដក​ខ្លួន​ទាំង​ស្រុង​របស់​កងទ័ព​អាមេរិក​ទេ​។

បន្ទាប់​ការ​បាត់បង់​ដែនដី​ជនបទ​ជា​ច្រើន​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​គឺ​កំពុង​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ មក​ផ្ដោត​កម្លាំង​លើ​ការ​ការពារ​តំបន់​សំខាន់​ដូចជា​រដ្ឋធានី​កាប៊ុល ច្រក​ព្រំដែន ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​វិញ​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ការងារ​ដំបូង​របស់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួកគេ​អាច​បន្ថយ​សន្ទុះ​របស់​តាលីបង់​មុន​ពេល​ការ​ចូល​កាន់​កាប់​ទឹកដី​វិញ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner