ឥណ្ឌូនេស៊ីបន្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ រយៈពេលមួយសប្ដាហ៍ទៀត ប៉ុន្តែមានការបន្ធូរបន្ថយជាងមុនខ្លះ

ឥណ្ឌូនេស៊ី​បន្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ រយៈពេល​មួយ​សប្ដាហ៍​ទៀត ដែល​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី២ ខែ​សីហា​ខាង​មុខ​នេះ ប៉ុន្តែ​វិធានការ​ដាក់​ចេញ​លើក​ចុង​ក្រោយ​នេះ មាន​លក្ខណៈ​បន្ធូរបន្ថយ​ជាង​មុន​ឆ្ងាយ។

លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​លើកឡើង​ថា វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​នេះ នឹង​មាន​ការ​កែ​សម្រួល​មួយ​ចំនួន ដោយ​ផ្សារ​ប្រពៃណី និង​ភោជនីយដ្ឋាន​មួយ​ចំនួន​អាច​ឱ្យ​បើក​វិញ​បាន ជាមួយ​នឹង​បទ​បញ្ជា​មួយ​ចំនួន​ដូច​ជា អតិថិជន​មាន​ពេល​តែ ២០នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​ទាន​អាហារ។ ជំនួញ​មួយ​ចំនួន​ដូចជា កន្លែង​ជួសជុល​យានយន្ត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​វិញ​ផង​ដែរ​។

យោង​តាម​ការ​លើកឡើង​របស់​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ លោក Luhut Pandjaitan បាន​ឱ្យ​ដឹង​ថា វិធានការ​ឆ្លើយតប​នេះ​នឹង​ដាក់​ទៅ​លើ​កោះ​ជ្វា និង​កោះ​បាលី ដោយ​រាប់​បញ្ចូល​ទាំង​រដ្ឋធានី​ហ្សាការតា​។

បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ផ្នែក​ណា​ ដែល​មិន​ចាំ​បាច់​ ត្រូវ​បន្ត​ធ្វើ​ការ​ពី​ផ្ទះ​ដដែល ខណៈ​ការ​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ជា​កាតព្វកិច្ច​ចាំ​បាច់​។ ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត-ក្រុង នៅ​តែ​រឹតត្បិត។

យ៉ាងណាមិញ នៅ​តំបន់​ដែល​មាន​ស្ថានភាព​ធូរ​ស្រាល វិធានការ​នឹង​បន្ធូរបន្ថយ​ទៅ​តាម​នោះ​។

ឥណ្ឌូនេស៊ី​កាល​ពី​សប្ដាហ៍​មុន​មាន​ករណី​ថ្មី​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ប្រមាណ ៤ម៉ឺន​ករណី តែ​អ្នក​ស្លាប់​វិញ​នៅ​មាន​កម្រិត​ខ្ពស់ ដោយ​ថ្ងៃ​ខ្លះ​មាន​ដល់​ទៅ​ជាង​ ១ ៥០០នាក់​ក្នុង​មួយ​ថ្ងៃ៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner