អនុរដ្ឋលេខាធិការអាមេរិក ប្តេជ្ញាដាក់កម្រិតលើការពង្រីកនុយក្លេអ៊ែររុស្ស៊ី និងចិន
យោងតាមសេចក្តីប្រកាសមួយនៅលើ Twitter បានឱ្យដឹងថា អនុរដ្ឋលេខាធិការអាមេរិកសម្រាប់ការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ ដែលត្រូវបានតែងតាំងថ្មីលោកស្រី Bonnie Jenkins ប្តេជ្ញាចិត្តក្នុងការកំណត់ការពង្រីកនុយក្លេអ៊ែររបស់រុស្ស៊ី និងចិន។
សេចក្តីថ្លែងការណ៍នោះ លោកស្រីបានសរសេរថា៖ «ខ្ញុំពិតជាចង់ធ្វើវាឱ្យលឿនណាស់។ អ្នកទាំងអស់គ្នានឹងឮព័ត៌មានពីខ្ញុំបន្ថែមទៀតក្នុងពេលឆាប់ៗ។ ខ្ញុំប្តេជ្ញាកាត់បន្ថយហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដោយការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាព កំណត់ការពង្រីកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងពង្រឹងដល់ជីវភាព និងការទទួលខុសត្រូវ ចំពោះការប្រើប្រាស់អាវុធគីមី»។
ប្រភពដដែលបានឱ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែពង្រឹងសម្ព័ន្ធភាពអឺរ៉ុប – អាត្លង់ទិក និងឥណ្ឌូ – ប៉ាស៊ីហ្វិក ដើម្បីការពារ និងប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។ ហើយអាមេរីកក៏ត្រូវអភិវឌ្ឍ និងពង្រឹងបទដ្ឋាននៃឥរិយាបទប្រកបដោយការទទួលខុសត្រូវក្នុងលំហ និងការផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យា ដែលកំពុងលេចចេញ និងគំរាមកំហែងដល់យុទ្ធសាស្ត្រស្ថិរភាព។
នៅថ្ងៃទី ២៨ ខែកក្កដា ទីក្រុងហ្សឺណែវនឹងធ្វើជាម្ចាស់ផ្ទះនៃការពិគ្រោះយោបល់ថ្មីរវាងរុស្ស៊ី និងអាមេរិកស្តីពីយុទ្ធសាស្ត្រស្ថិរភាព។ គណៈប្រតិភូរុស្ស៊ី នឹងដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Sergei Ryabkov និងសហរដ្ឋអាមេរិក ដោយអនុរដ្ឋលេខាធិការ Wendy Sherman ។ ប្រតិភូអាមេរិកក៏នឹងចូលរួមផងដែរ រួមមានទាំងលោកស្រី Jenkins ។
លោក Ryabkov បានប្រាប់សារព័ត៌មាន TASS មុននេះថា ប្រទេសរុស្ស៊ីគ្រោងនឹងពិភាក្សាយ៉ាងហ្មត់ចត់លើគ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហាស្ថេរភាពយុទ្ធសាស្ត្រ វាយតម្លៃហានិភ័យ និងបញ្ហាប្រឈម ដែលអាចកើតមាន ក៏ដូចជា ការបង្កើតក្របខ័ណ្ឌសម្រាប់សកម្មភាពរួមគ្នានាពេលអនាគតនៅក្នុងវិស័យនេះ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃទី ១៦ ខែមិថុនា។ សេចក្តីថ្លែងការណ៍រួម ដែលភាគីទាំងពីរ បានឱ្យដឹងថាខ្លួនគ្រោងនឹងចាប់ផ្តើមការសន្ទនាគ្នាដ៏ទូលំទូលាយស្តីពីស្ថិរភាពយុទ្ធសាស្ត្រនាពេលខាងមុខ។ ក្រៅពីនេះ រុស្ស៊ី និងអាមេរិក ក៏មានបំណងចាប់ផ្តើមពិគ្រោះយោបល់លើបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការផ្លាស់ប្តូរអ្នកទោស និងការគ្រប់គ្រងអាវុធជាដើម។

ប្រភព៖ TASS