តុលាការចម្រេចចោទប្រកាន់ ថៃ ស្រីនាង តារាបង្ហោះ ភាពស៊ិចស៊ីបញ្ចេញកេរ្តិ៍នខ្មាសLive ជាផ្លូវការហើយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បន្ទាប់ពីនគរបាលខណ្ឌទួលគោក បញ្ជូនខ្លួននាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញពាក់ព័ន្ធដែលព្រហើនបន្តការ Live  រូបភាពស៊ិចស៊ីស្ទើរចេញកេរ្តិ៍ភេទ ។

នៅវេលាម៉ោង១១ថ្ងៃទី២១ ខែកុម្ភៈ នេះលោក គុជ គឹមឡុង អ្នកនាំពាក្យអយការអមសាលា ដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នាង ថៃ ស្រីនាង ត្រូវបានចោទប្រកាន់តាមមាត្រា៣៨និងមាត្រា៣៩ កថាខណ្ឌទី៣ ច្បាប់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា៤៩ នៃក្រមព្រហ្មទណ្ឌ ដោយពេលនេះ បានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវីធី ។

សូមជម្រាបថា កាលពីទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វើឱ្យប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេស ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូដើម្បីសុំទោសជាសាធារណៈនូវកំហុសរបស់គាត់។

បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង១១៖៣០នាទី ក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែម៉ោង២៖៣៥នាទីរសៀលថ្ងៃដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ។

ដោយមានការឯកភាពយល់ព្រមពី លោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤៖២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តន៍តាមនីតិវិធីច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner