កិច្ចពិភាក្សាវិទ្យាសាស្ត្រអាកាសធាតុអង្គការសហប្រជាជាតិត្រូវបានបើក ចំពេលតំបន់ខ្លះកំពុងមានភ្លើងឆេះព្រៃ និងគ្រោះទឹកជំនន់
ប្រទេសជិត ២០០បានចាប់ផ្ដើមការចរចាតាមប្រព័ន្ធអ៊ីនធឺណិត នៅថ្ងៃចន្ទទី ២៦ កក្កដាដើម្បីធ្វើការបញ្ជាក់របាយការណ៍វិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូលនៅសរទរដូវចុងឆ្នាំនេះ ដែលនឹងពិភាក្សាអំពីពីការពារគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។
ចាប់ពីថ្ងៃចន្ទនេះទៅអ្នកតំណាងមកពីប្រទេសចំនួន ១៩៥ ដោយមានអ្នកវិទ្យាសាស្ត្រនាំមុខ ពួកគេនឹងពិនិត្យមើលលើ «អត្ថបទសង្ខេបសម្រាប់អ្នកធ្វើគោលនយោបាយ» ដែលមានកម្រាស់ពី២០ ទៅ ៣០ ទំព័រ ដោយពួកគេនឹងពិនិត្យគ្រប់កថាខណ្ឌ និងគ្រប់ពាក្យនីមួយៗ។
ការប្រជុំតាមអ៊ីនធឺណិត សម្រាប់ការពិនិត្យផ្នែកដំបូងនៃរបាយការណ៍ដែលមាន៣ផ្នែកនេះ នឹងត្រូវចំណាយពេលជាង ២ សប្ដាហ៍យូរជាងការប្រជុំធម្មតា ហើយការចេញផ្សាយឯកសារគឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែសីហាខាងមុខ។
អាកាសធាតុក្ដៅខ្លាំង ទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្លងកាត់ទ្វីបចំនួន ៣ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលមានសភាពកាន់តែធ្ងន់ធ្ងរ ដោយការកើនឡើងកម្ដៅពិភពលោក ធ្វើឱ្យរបាយការណ៍វាយតម្លៃរបស់ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុកាន់តែចាំបាច់ និងទាន់ពេល។
លោក Richard Black ស្ថាបនិក និងជាសហសេវិកជាន់ខ្ពស់នៃអង្គភាពថាមពល និងអាកាសធាតុ មានមូលដ្ឋាន នៅទីក្រុងឡុង បាននិយាយថា៖ «វានឹងក្លាយជាសារដាស់តឿន ហើយគ្មានអ្វីគួរឱ្យសង្ស័យទៀតទេ»។ លោកក៏បានកត់សម្គាល់ ថារបាយការណ៍នេះបានចេញផ្សាយ តែប៉ុន្មានសប្ដាហ៍មុនមហាសន្និបាត អង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូល G-20 និងកិច្ចប្រជុំអាកាសធាតុ COP26 នៅទីក្រុង Glasgow។
ពិភពលោក គឺកំពុងមានការប្រែប្រួលខ្លាំង ចាប់តាំងពីការវាយតម្លៃចុងក្រោយរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលការប្រែប្រួលអាកាសធាតុ (IPCC)ក្នុងឆ្នាំ ២០១៤ អំពីកម្ដៅពិភពលោកនាពេល អតីតកាលនិងអនាគតកាល។
ព្រឹត្តិការណ៍សំខាន់មួយទៀត ចាប់តាំងពីពេលនៃការចេញរបាយការណ៍ដោយ IPCC នាពេលចុងក្រោយនេះគឺ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានអនុម័ត ដោយមានការសន្យារួមគ្នារវាងបណ្តាប្រទេសជារដ្ឋហត្ថលេខី ដើម្បីធ្វើយ៉ាងណាឱ្យសីតុណ្ហភាព ផ្ទៃផែនដីដែលកំពុងកើនឡើងនៅ «ថេរ និងមិនមានការកើនឡើងតទៅទៀត។
គួរបញ្ជាក់ផងដែរថា ការសាយភាយកាបូនពីការដុតឥន្ធនៈផូស៊ីល ការលេចធ្លាយមេតាន និងវិស័យកសិកម្ម បានជំរុញឱ្យពិភពលោកកើនកម្ដៅ១,១ អង្សាសេ ហើយការរំភាយឧស្ម័នកំពុងតែកើនឡើងយ៉ាងខ្លាំងដដែល។
សន្ធិសញ្ញាក្រុងប៉ារីសនាឆ្នាំ ២០១៥ នេះក៏ បង្ហាញពីការប៉ងប្រាថ្នាឱ្យកម្ដៅមានការប្រែប្រួលមានត្រឹម១,៥ អង្សាសេផងដែរ ក៏ប៉ុន្តែមានភាគីជាច្រើន បានសង្ស័យថាគោលដៅនេះអាចនឹងត្រូវបានគេព្រងើយកន្តើយ។ ដើម្បីឈានដល់គោលដៅនេះអ្នកវិទ្យាសាស្ត្របាន គណនាថាការរំភាយឧស្ម័នផ្ទះកញ្ចក់ ត្រូវតែថយចុះឱ្យបាន ប្រមាណ៥០ ភាគរយនៅត្រឹមឆ្នាំ ២០៣០។
។

ប្រភព៖ Reuters