Duterte មិនឈឺក្បាលនឹងតុលាការ ICC ក្រោយអយ្យការអមតុលាការគ្រោងស៊ើបអង្កេតលើការរំលោភសិទ្ធក្នុងការបង្ក្រាបគ្រឿងញៀន
លោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបាននិយាយថា សង្គ្រាមប្រឆាំងនឹងថ្នាំញៀននៅមិនទាន់បញ្ចប់ទេ ហើយលោកមិនខ្លាចនឹងឡើងសវនាការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នោះទេ នេះបើតាមការថ្លែងសារទៅកាន់ប្រជាជាតិលើកទី ៦ របស់លោក កាលពីថ្ងៃចន្ទកន្លងទៅ។
កាលពីខែមុនអយ្យការអមតុលាការ ICC គ្រោងនឹងបើកការស៊ើបអង្កេតជាផ្លូវការ លើគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក Duterte ដែលនាំឱ្យមានការប្រហារជីវិតអ្នកប្រើប្រាស់ថ្នាំញៀន និងអ្នកជួញដូរគ្រឿងញៀននៅតាមផ្លូវថ្នល់ ដោយមិនឆ្លងកាត់ជំនុំជម្រះនៅតុលាការ។ មកទល់ពេលនេះ មានមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតដោយសារតែគោលនយោបាយនេះ។ អយ្យការICCបានលើកឡើងថា គោលនយោបាយនេះអាចជាការប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្នុងការថ្លែងខាងលើ លោក Duterteបាននិយាយថា៖ «ខ្ញុំមិនប្រកែកទេ ហើយ ICC អាចកត់ត្រាសម្ដីនេះទុកបាន៖ ប្រសិនបើមាននរណាចង់កម្ទេចប្រទេសរបស់ខ្ញុំ ខ្ញុំនឹងសម្លាប់អ្នកនោះ។ នរណាចង់កម្ទេចក្មេងៗនៅប្រទេសខ្ញុំ ខ្ញុំនឹងសម្លាប់អ្នកនោះ។ ខ្ញុំនឹងសម្លាប់អ្នកឯងមែន ព្រោះថាខ្ញុំស្រលាញ់ប្រទេសរបស់ខ្ញុំ»៕



ប្រភព៖ Reuters