ក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការណាសា
បេសសកម្មរបស់អង្គការណាសាក្នុងការរុករកព្រះចន្ទធំបំផុតរបស់ភពព្រហស្បតិ៍បានសម្រេចជាផ្លូវការនូវយានរបស់ខ្លួនទៅអវកាស។
តាមការរាយការណ៍របស់សារព័ត៌មាន Aljazeera មន្រ្តីអង្គការណាសាបានឱ្យដឹងថា យានអវកាស Europer Clipper តម្លៃ ៤.២៥ ប៊ីលានដុល្លារអាមេរិកនឹងបាញ់បង្ហោះរ៉ុក្កែត SpaceX Falcon ធុនធ្ងន់ទៅកាន់ព្រះច័ន្ទរបស់ភពព្រហស្បតិ៍ដែលមានឈ្មោះថា Europa ជាផ្នែកនៃកិច្ចសន្យាមានតម្លៃប្រហែល ១៧៨ លានដុល្លារអាមេរិក។
ប្រសិនបើអ្វីៗទាំងអស់ត្រូវបានគ្រោងទុកនោះយាន Clipper នឹងដំណើរការបេសកកម្មរបស់ខ្លួននៅខែតុលាឆ្នាំ ២០២៤ ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសានៅរដ្ឋ Florida និងទៅដល់ភពព្រហស្បតិ៍ក្នុងខែមេសាឆ្នាំ ២០៣០ ។
Europa Clipper ត្រូវបានអង្គការណាសាអនុញ្ញាតជាផ្លូវការក្នុងបេសសកម្មទៅកាន់ភពព្រហស្បតិ៍នៅឆ្នាំ ២០១៥។ នៅក្នុងដំណើរបេសកកម្មរបស់ខ្លួននេះនឹងរួមបញ្ជូលការអង្កេត និងឆ្លងកាត់ព្រះចន្ទច្រើនដងដែលផ្តល់ឱ្យអ្នកស្រាវជ្រាវក្នុងការស្រាវជ្រាវភពនេះ។ អ្នកវិទ្យាសាស្ត្រភាគច្រើនជឿថា ភពនេះអាចមាន មហាសមុទ្រនៅក្រោមសំបកទឹកកករបស់ភពនោះ។
សេចក្តីប្រកាសដែលបានធ្វើឡើងកាលពីថ្ងៃទី ២៣ កក្កដាបានបង្ហាញពីជ័យជម្នះសម្រាប់យានអវកាសខណៈបេសកកម្ម Europa Clipper ដែលត្រូវបានជ្រើសយកយាននេះដើម្បីបំពេញបេសកកម្មទៅព្រះច័ន្ទរបស់ភពព្រហស្បតិ៍។
គួរបញ្ជាក់ផងដែរថា បេសសកម្មបាញ់បង្ហោះយានអវកាសធំបំផុតរបស់អង្គការណាសានេះគម្រោងដើមគឺប្រើប្រាស់ប្រព័ន្ធបង្ហោះអវកាសរបស់អង្គការណាសា (SLS) ដើម្បីបំពេញបេសកកម្មនេះ។
ចាប់តាំងពីការចាប់ផ្តើមបេសសកកម្ម Europa Clipper មានកាតព្វកិច្ចស្របច្បាប់ក្នុងការបាញ់បង្ហោះយានអវកាសដោយប្រើប្រាស់ប្រព័ន្ធបង្ហោះអវកាសរបស់អង្គការណាសា (SLS) ។ ប៉ុន្តែរឿងនោះបានផ្លាស់ប្តូរនាពេលថ្មីៗនេះដោយសារភាពយឺតយ៉ាវ និងការចំណាយហួសប្រមាណជាមួយនឹងយានប្រភេទនេះ។
ដើម្បីសំរេចគោលដៅនេះអង្គការណាសាបានជម្រុញឱ្យសភាពិចារណាម្តងហើយម្តងទៀតដើម្បីអនុញ្ញាតឱ្យបេសកកម្ម Europa Clipper ប្រើប្រាស់យានអវកាសពាណិជ្ជកម្ម។ ការផ្លាស់ប្តូរទៅយានជំនិះមួយផ្សេងទៀតអាចជួយសន្សំសំចៃបេសកម្មនេះរហូតដល់ ១ ប៊ីលានដុល្លារអាមេរិក។
បេសកកម្ម Europa Clipper ពេលទៅដល់ភពព្រហស្បតិ៍អ្នកវិទ្យាសាស្រ្តនឹងធ្វើការស្ទង់មតិលម្អិតអំពីព្រះច័ន្ទ Europa និងប្រើឧបករណ៍វិទ្យាសាស្ត្រដើម្បីអង្កេតពីលទ្ធភាពដែលអាចសមស្របសម្រាប់ជីវិតរស់នៅក្នុងឋានព្រះច័ន្ទនោះ។
គោលបំណងនៃបេសកកម្មសំខាន់គឺផ្តិតរូបភាពលើផ្ទៃព្រះចន្ទដើម្បីជួយអ្នកវិទ្យាសាស្រ្តកំណត់សមាសភាពរបស់ខ្លួនរកមើលសញ្ញានៃសកម្មភាពភូគព្ភសាស្ត្រ និងវាស់កម្រាស់សម្បករបស់ព្រះច័ន្ទ។ ការស៊ើបអង្កេតនេះក៏នឹងស្រាវជ្រាវរកផ្ទៃបឹង និង កំណត់ជម្រៅផ្ទៃសមុទ្រនៃឋានព្រះច័ន្ទ Europa នោះ។

ប្រភព៖ Aljazeera