រឿងលក់ដីអាងទឹកស្រុកដងទង់: ប្រជាពលរដ្ឋប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួននៅខេត្តកំពត ទៅអង្គភាពប្រឆាំងអំពើពុករលួយ
ភ្នំពេញៈ មន្ត្រីពាក់ព័ន្ធមួយចំនួននៅខេត្តកំពត ក្នុងនោះ មានអភិបាលរងខេត្តកំពតម្នាក់ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធានការិយាល័យភូមិបាលស្រុកដងទង់ អភិបាលស្រុកដងទង់ ប្រធានការិយាល័យភូមិបាលស្រុកដងទង់ និងមន្ត្រីមួយចំនួនទៀត ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការឃុបឃិបគ្នាជាមួយកក្រុមហ៊ុន សេង សម្បត្តិ និងឈ្មួញមួយចំនួន យកដីអាងទឹកស្រុកដងទង់លក់។ ប៉ុន្តែនាយករដ្ឋបាលសាលាខេត្ត បានបដិសេធថា មិនពិតដូចជាការចោទប្រកាន់របស់ប្រជាពលរដ្ឋ។
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានដាក់ប្តឹងមន្ត្រីដែលពាក់ព័ន្ធនៅក្នុងខេត្តកំពតចូលទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីស្នើសុំឱ្យធ្វើការស៊ើបអង្កេតលើករណីទីតាំងដីមួយកន្លែងដែលមានទំហំសរុបជាង១២ហិកតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹក និងដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវលេខ១៣៥ ត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេងតែអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការនោះទេ។

លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត 
លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី
នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានទទួលប្រាក់ពីលោកសេង សម្បត្តិ ប្រធានក្រុមហ៊ុនសេងសម្បត្តិ ចំនួន៥ម៉ឺនដុល្លារ និងមានលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានទទួលលុយឧបត្ថម្ភពីលោកសេង សម្បត្តិ ផងដែរ។ លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី និងលោក វិត វឌ្ឍនា មិនបានធ្វើការស៊ើបអង្កេតច្បាស់លាស់ដែលបណ្តាលឱ្យមានអំពើឃុបឃិតគ្នាជាប្រព័ន្ធ និងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ។ លោក សេង សម្បត្តិ និងអភិបាលស្រុកដងទង់ លោក ស៊ីវ ផេង បានប្រព្រឹត្តអំពើពុករលួយឃុបឃិតសូកប៉ាន់ប្រើអំណាចចេញលិខិតដកហូតដីពីប្រជាពលរដ្ឋប្រគល់ឱ្យលោកសេង សម្បត្តិ, ចាន់ស្រីឡែន និងសុខ ហ្គិច។
យោងតាមឯកសារដែលទទួលបាន បានបង្ហាញអោយឃើញថា ឈ្មួញអាចធ្វើទៅបាដោយសារអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាអ្នកបើកភ្លើងខៀវឱ្យក្រុមហ៊ុន និងទប់ទល់ប្រជាពលរដ្ឋណាដែលតវ៉ាលើដីរបស់ខ្លួននេះ បើនិយាយជារួម តែបើនិយាយដាច់ដោយឡែកលោក សេង សម្បត្តិ មានសិទ្ធិពេញទីរហូតបញ្ជាឱ្យលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ និងជំនាញធ្វើតាមការចង់បានរបស់ខ្លួនទៀតផង។ ដំបូងឡើយឱ្យលោក ណែម សារឿន ជាអ្នកទៅលួងលោមបញ្ចុះបញ្ចូលលោក តិល រិន មេភូមិសុភី ឈរឈ្មោះជាតំណាងប្រមូលកៀរគរដាក់ឈ្មោះប្រជាពលរដ្ឋលក់ដីឱ្យខ្លួនបានចំនួន២០គ្រួសារ នៅអំឡុងចុងខែធ្នូ ឆ្នំា២០២០។
លោក តិល រិន ដដែលក៏បានបញ្ជាក់ថា លោកឈរឈ្មោះជាតំណាងលក់ដីឱ្យលោក ណែម សារឿន តែ២០គ្រួសារប៉ុណ្ណោះ ដែលមានដីអាស្រ័យផលនៅចំណីអាងទឹកដងទង់ ដោយឡែកដីបម្រុងរដ្ឋដីអាងទឹកគាត់មិនធានាអះអាងទេ គឺទុកឱ្យរដ្ឋជាអ្នកចាត់ចែង តែក្រោយមកក៏មានឈ្មោះលោកជាតំណាងលក់ដីរហូតដល់៣០គ្រួសារទៅវីញ ដែលម្ចាស់សាម៉ីមិនបានដឹងខ្លួនសោះឡើយ។ យោងតាមប្រភពបទសម្ភាសន៍ខាងលើនេះសមត្រូវគ្នាជាមួយពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងចុះបញ្ជីក្បាលដីលេខ ៨២៥ ទំហំ ១២៩ ០៧១ម៉េត្រក្រឡា ចុះថ្ងៃទី១៣ មករា ឆ្នាំ២០២១ របស់លោក តិល រិន មេភូមិសុភី ពិតប្រាកដមែន ក្នុងនោះដែរឃើញថាជំនាញផ្សេងៗខំដុតដៃដុតជើងចាត់ចែងតាមជំនាញរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចេញលិខិតលេខ ០៥១/២១ ស.ជ.ណ ជូនលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សុរិយោដី និងសំណង់ ខេត្តកំពត ចាត់ការបន្ត និងចេញប្លង់ជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារតាមការស្នើសុំ ក្រោមរូបភាពយកឈ្មោះប្រជាពលរដ្ឋជាខែលស្នើសុំកាន់កាប់ដីត្រឹម២០គ្រួសារ តែឯកសារបញ្ជូនឡើងទៅលើមានដល់៣០គ្រួសារ ដែលឈ្មួញ និងមន្ត្រីជំនាញមួយចំនួនធ្វើមិនដឹងហើយឆ្លើយយល់ព្រមថា គ្មានប៉ះពាល់ គ្មានទំនាស់អ្វីនោះទេ តែធាតុពិតប្រជាពលរដ្ឋប្តឹងតវ៉ាជាច្រើនដងទៅលោក ស៊ីវ ផេង អភិបាលស្រុកដងទង់តែមិនមានដំណោះស្រាយសោះ។
យោងតាមប្រជាពលរដ្ឋដែលមានដីអាស្រ័យជាប់ផ្លូវលេខ១៣៥ ស្ថិតក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត និងឯកសារនានាបានបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ថា មន្រ្តីមូលដ្ឋានដែលពាក់ព័ន្ធជាមួយភាពមិនប្រក្រតីនេះ ត្រូវគេសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយជាមួយប្រាក់សំណូកដ៏ច្រើនសន្ធឹគសន្ធាប់ ដើម្បីសម្រួលការងារ រួមមាន ៖
១-កែវ គឹម មេភូមិស្រែជាខាងជើង ជាអ្នកបោះត្រាបំពេញផ្លូវច្បាប់គ្រប់ឯកសារ ដែលលោក សេង សម្បត្តិ ត្រូវការ ។ គឺលោក កែវ គឹម មិនដែលបដិសេធនោះទេ ។
២-លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ទទួលលុយសំណូកដ៏ច្រើនម៉ឺនដុល្លារ ជាថ្នូរនឹងការហាមឃាត់ប្រជាពលរដ្ឋ និងឱ្យប្រជាពលរដ្ឋរុះរើសំនង់នានាតាមការបញ្ជាពីក្រុមហ៊ុន ជាពិសេសក្រោយទទួលលុយសំណូកពីលោក សេង សម្បត្តិ រួចហើយបានធានាអះអាងចេញលិខិតដកហូតដីពីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវលេខ១៣៥ មកធ្វើជាសួនច្បារលំអគម្រោងបុរីលោក សេង សម្បត្តិ ទៀតផង។ មិនតែប៉ុណ្ណោះលោក ស៊ីវ ផេង តែម្នាក់គត់ដែលហ៊ានចេញលិខិតអនុញ្ញាតឱ្យចាក់ដីលុបលើផ្ទៃដីទំហំជាង១២ហិកតា ដែលមិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយ និងចាក់ដីចូលផ្ទៃអាងទឹកដងទង់ទំហំជាង៤ហិកតាផងដែរ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ នាពេលកន្លងទៅ។ ការចេញលិខិតអនុញ្ញាតិរបស់លោក ស៊ីវ ផេង នេះ ជាសកម្មភាពល្មើសនឹងថ្នាក់លើរបស់ខ្លួន ព្រោះត្រឹមតែជាអភិបាលស្រុកគ្មានសិទ្ធិអនុញ្ញាតឱ្យចាក់ដីបំពេញដល់ទំហំ១២ហិចតានោះទេ ហើយដីនេះទៀតសោតក៏មិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយទេដែរ ជាពិសេសផ្ទុយទៅនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាង ទន្លេ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ទៀតផង។
៣-លោក ងន លាង ប្រធានការិយាល័យភូមិបាលស្រុកដងទង់ ល្មើសនឹងតួនាទីរបស់ខ្លួន ធ្វើការដោយមិនទទួលខុសត្រូវ ធ្វើរបាយការណ៍តាមតែបញ្ជារបស់លោក សេង សម្បត្តិ និងលោក ស៊ីវ ផេង ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយលោកជាអ្នកបោះត្រាទទួលស្គាល់ការវាស់វែងរបស់មន្ត្រីវាស់វែងលោក ឈឺម តារាវុធ ធ្វើប្លង់ជូនដល់ សុខ ហ្គិច និង ចាន់ ស្រីឡែន ដោយបំពានលើដីប្រជាពលរដ្ឋសល់ពីកាត់ចំណីផ្លូវចំនួន១០គ្រួសារ មិនទទួលស្គាល់ដីជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋមូលដ្ឋាន តែទទួលវាស់អាងទឹកធ្វើប្លង់អោយសុខ ហ្គិច និង ចាន់ ស្រីឡែន មានអាសយដ្ឋាននៅសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទៅវិញ។
៤-លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម មិនបានហាមឃាត់ ឬរក្សាទុកទីតាំងស្ថានីយ៍វាស់កំពស់ទឹកភ្លៀងដែលមានស្រាប់នៅទីនោះទេ បណ្តោយឱ្យក្រុមហ៊ុនឈូសឆាយ ចាក់ដីរំលោភយកដោយមិនមានច្បាប់អនុញ្ញាត ក្នុងនាមមន្ត្រីចេះច្បាប់ដែលមានតួនាទីផ្តល់ដោយក្រសួងធនធានទឹក និងឧតុនិយម គួរតែមើលលិខិតអនុញ្ញាតចាក់ដី ឬមានប្រតិកម្ម
ហាមឃាត់ តែបែរជាបណ្តោយឱ្យឈ្មួញមានអំណាចជាងខ្លួនធ្វើអ្វីស្រេចតែអំពើចិត្តទៅវិញ។
៥- លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត មិនផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ថ្នាក់លើ ធ្វើឱ្យបាត់បង់ទិន្នន័យ និងឈ្មោះរបស់ម្ចាស់ដីពិតប្រាកដ ជាពិសេសនៅពេលសាកសួរព័ត៌មានពាក់ព័ន្ធទីតាំងខាងលើ កាលពីអំឡុងខែមិនា ឆ្នាំ២០២១កន្លងទៅ ដោយលោកឆ្លើយថាមិនបានដឹងរឿងនោះទេ ឱ្យទៅសួរស្រុកទៅទាំងដែលរូបលោកផ្ទាល់ទទួលលិខិតបង្គាប់ការលេខ០០២/២១ ល.ប.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ឯកឧត្តម ជាវ តាយ ជាអភិខេត្តកំពត ដែលក្នុងនាមលោកជាអនុប្រធានទៀតផងនោះដើម្បីចុះពិនិត្យទីតាំង និងសិក្សាស្វែងយល់ក្នុងការចេញព័ត៌មានដី សម្រាប់ធ្វើប្លង់ជូនប្រជាពលរដ្ឋ៣០គ្រួសារតាមការស្នើសុំរបស់លោក តិល រិន មេភូមិសុភី។ តាមប្រភពមានព័ត៌មានដ៏ច្បាស់ការបានបែកធ្លាយមួយបានខ្សឹបឱ្យដឹងថា មូលហេតុដែលលោក វិត វឌ្ឍនា ធ្វើការងាររំលងច្រក មិនឆ្លើយឆ្លងព័ត៌មាន ដោយសារលោកបានទទួលលុយសំណូកមួយចំនួនធំពីលោក សេង សម្បត្តិ ផងដែរ។ ប្រភពដដែលបន្តថាខ្លួនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់បើសិនលោក វិត វឌ្ឃនា ហ៊ានចេញមុខតទល់បញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនពិតមែន។
៦-លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លីធ្វើការដោយធ្វេសប្រហែស មិនច្បាស់លាស់ក្នុងនាមជាប្រធានដឹកនាំក្រុមការងារ ធ្វើការមិនបានល្អធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខ បាត់បង់ទិន្នន័យដីប្រជាពលរដ្ឋ១០គ្រួសារ នេះបើយោងតាមកិច្ចសន្យាលក់ផ្តាច់នានា ដែលលក់ដោយលោក តិល រិន មេភូមិសុភី និងតាមបោះត្រាដោយលោក កែវ គឹម មេឃុំស្រែជាខាងជើង រួមមាន៖ កិច្ចសន្យាលក់ផ្តាច់លេខ៩៧១២ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លក់អោយឈ្មោះ ចាន់ ស្រីឡែន, កិច្ចសន្យាលក់ផ្តាច់លេខ១០០១២ ចុះថ្ងទី១៩ ខែមីនា ឆ្នាំ២០២១ លក់ឱ្យឈ្មោះ សុខ ហ្គិច, កិច្ចសន្យាលក់ផ្តាច់លេខ៩៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លក់អោយឈ្មោះ សេង សម្បត្តិ។
ប្រជាពលរដ្ឋ១០គ្រួសារ ក្នុងនោះមាន៤គ្រួសារសុខចិត្តចាញ់ការគាបសង្កត់ហើយទទួលយកសំណងខុសហាងឆេងទាំងដែលដីរបស់ខ្លួនសោះបែរជាគេវាស់ គេលក់តាមអំពើចិត្ត រត់រកអាជ្ញាធរមូលដ្ឋានគេមិនអើពើថែមទាំងត្រូវបានលោក ស៊ីវ ផេង ចេញលិខិតហាមឃាត់ជាច្រើនដង និងមានគម្រោងចេញលិខិតយកទីតាំងដីរបស់ពួកគាត់ធ្វើជាសួនច្បារសាធារណៈក្នុងករណីខាងលើប្រជាពលរដ្ឋ ស្នើសុំឱ្យឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតមេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងលើមន្ត្រីក្រោមបង្គាប់ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ និងដើម្បីរក្សាឱ្យបាននូវអាងទឹកដងទង់សំរាប់ជាប្រយោជន៍រួមអោនៅដដែលផង។ ព្រោះអាងស្តុកទឹកនេះផ្តល់សារប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងមូល ហើយតម្លៃរបស់ប្រយោជន៍រួមនេះវាធំធេងជាងប្រយោជន៍បុគ្គលរបស់លោក សេង សម្បត្តិ ទៅទៀត។
គួរបញ្ជាក់ថា អាងទឹងស្រុកដងទង់កកើតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៦ ដោយឆ្លងកាត់អភិបាលស្រុក៧នាក់ រួមមាន ១. ហៃ សូន ២. តា ស្មាន់ ៣. ខែម ប៉ាន់ ៤. ម៉ុក កែន ៥.ខឹម ហម ៦. មួង ឈុត ៧ ស៊ីវ ផេង ហើយទំនប់អាងទឹកដងទង់ ត្រូវបានលោក ហៃ សូន ជាអ្នកដឹកនាំកសាងសម្រាប់ជាប្រយោជន៍សាធារណៈ ដោយលោកស្រី ជុំ សារឹម អភិបាលរងស្រុកសម័យនោះ បានបញ្ជាក់ថាទីតាំងនោះជាតំបន់សមូហភាព និងលោកស្រីមិនគាំទ្រអោយមានការចាក់ដីលុបនោះទេ។ ប្រជាពលរដ្ឋដែលប្រឈមនិងការបាត់បង់ដីដោយមិនមានសំណងចំនួន ៦គ្រួសារកំពុងបានដាក់ពាក្យទៅសាលាខេត្តផងដែរ និងត្រូវបានកោះហៅតែ៥នាក់ប៉ុណ្ណោះ លើសពីនេះទៀតប្រជាពលរដ្ឋគ្រោង និងដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
ទាក់ទងករណីនេះ លោកវិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានថ្លែងថា “ចាំសួរយោបល់ទៅស្រុកវិញ ចង់ដឹងច្បាស់ចុះទៅស្រាវជ្រាវផ្ទាល់បានដឹងសារបាននៃរឿងនឹង ខ្ញុំមិនទៅឆ្លើយឆ្លងអីជាមួយគាត់ទេ គេចង់ជួយសម្រួលឱ្យបានផលប្រយោជន៍ទៅគាត់ (ប្រជាជន) តាមការពិតគាត់អត់មានដីនៅនឹងទេ”។ ចំណែកលោកប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។ ទាក់ទងករណីនេះ លោកសេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលតវ៉ាអត់មានដីនៅទីនោះទេ ហើយមិនមែនថា ខាងលោកមិនដោះស្រាយទេ គឺជួយដោះស្រាយតែគាត់ទាមទារច្រើន៕
ដោយៈពលជ័យ





