ទុយនីស៊ី ធ្លាក់ចូលភាពច្របូកច្របល់ បន្ទាប់ពីប្រធានាធិបតីបណ្តេញថ្នាក់ដឹកនាំរដ្ឋាភិបាល
ទុយនីស៊ី៖ ទុយនីស៊ីកំពុងធ្លាក់ចូលវិបត្តិដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតី Kais Saied បានបណ្តេញរដ្ឋាភិបាល និងបានបង្កកសភាដោយមានជំនួយពីកងទ័ព ដែលគណបក្សសំខាន់ៗរបស់ប្រទេសនេះរួមទាំងក្រុមអ៊ិស្លាមនិយមផង ហៅសកម្មភាពនេះថា ជាការធ្វើរដ្ឋប្រហារ។
សកម្មភាពរបស់លោក Saied បានកើតឡើងបន្ទាប់ពីមានការជាប់គាំង និងជម្លោះជាច្រើនខែ ហើយធ្វើឱ្យលោកប្រឆាំងនឹងនាយករដ្ឋមន្រ្តី Hichem Mechichi និងសភា ដោយសារប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរក្រោមឥទ្ធិពលនៃការផ្ទុះឡើងជំងឺកូវីដ-១៩។
វិបត្តិបានឈានដល់ការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក ខណៈក្រុមអ្នករិះគន់របស់លោក Saied រួមទាំងក្រុមអ៊ិស្លាមនិយមបានព្រមានថា លោកកំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធប្រជាធិបតេយ្យដែលបានបង្កើតឡើងបន្ទាប់ពីការបះបោរនិទាឃរដូវអារ៉ាប់ (Arab Spring ) ក្នុងឆ្នាំ ២០១១។
លោក Saied កាលពីថ្ងៃអាទិត្យ បានចេញសេចក្ដីប្រកាសបណ្តេញនាយករដ្ឋមន្រ្តី Mechichi និងបង្កកសភារយៈពេល ៣០ ថ្ងៃ ហើយថាសកម្មភាពរបស់ខ្លួនគឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា ៨០ និងច្រានចោលការចោទប្រកាន់ពីការធ្វើរដ្ឋប្រហារ។
រឿងគួរឱ្យកត់សម្គាល់មួយ ក្រោយពីសេចក្ដីប្រកាសនេះបានធ្វើឡើង ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្ដុំទៅតាមដងផ្លូវដើម្បីអបអរ និងគាំទ្រលោក Saied ហើយបង្ហាញពីកំហឹងរបស់ខ្លួនលើគណបក្សអ៊ិស្លាមនិយម Ennahda ដែលជាបក្សធំបំផុតនៅក្នុងសភា និងលើរដ្ឋាភិបាលជុំវិញបញ្ហាជាប់គាំងនយោបាយ សេដ្ឋកិច្ចជាដើម។
ជាមួយគ្នានេះមួយទៀត ខាងសភាក៏បានអំពាវនាវឱ្យមានការធ្វើបាតុកម្មប្រឆាំងនូវសកម្មភាពនេះ ប៉ុន្តែប្រធានាធិបតីដដែល បានពង្រីកការរឹតបណ្តឹងគោចរកូវីដ-១៩ដែលមានស្រាប់កាលពីថ្ងៃច័ន្ទ និងបានប្តេជ្ញាថានឹងប្រើកងកម្លាំងប្រឆាំងប្រសិនបើមានអំពើហិង្សាកើតមានឡើង។ លោកក៏បានជំរុញប្រជាជនមិនឱ្យដើរទៅតាមដងផ្លូវ ដោយអំពាវនាវដល់ប្រជាជនទុយនេស៊ីឱ្យរក្សាភាពស្ងប់ស្ងាត់ ហើយកុំឆ្លើយតបនឹងការបង្កហេតុណាមួយ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ សេតវិមានបាននិយាយថា ខ្លួនមិនទាន់បានកំណត់នៅឡើយទេថាតើសកម្មភាពរបស់លោក Saied ជាការធ្វើរដ្ឋប្រហារឬយ៉ាងណា។ ក៏ប៉ុន្តែ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានទុយនីស៊ីកុំឱ្យ «ខ្ជះខ្ជាយលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន»។
ក្រុមយោធាបានឡោមព័ទ្ធសភា និងវិមានរដ្ឋាភិបាល ដោយបញ្ឈប់សមាជិកសភា និងបុគ្គលិករដ្ឋពីការចូលអគារ ក៏ដូចជាស្ថានីយ៍ទូរទស្សន៍ជាតិ។ សារព័ត៌មាន Al-Jazeera បានចុះផ្សាយថា ប៉ូលីសបានឆ្មក់ចូលការិយាល័យក្នុងក្រុងទុយនីសរបស់ខ្លួន និងបណ្តេញបុគ្គលិកចេញ។
អន្តរាគមន៍របស់លោក Saied កើតឡើង បន្ទាប់ពីមានការតវ៉ានៅក្នុងទីក្រុងធំៗ កាលពីព្រឹកថ្ងៃអាទិត្យ ជុំវិញការគ្រប់គ្រងសេដ្ឋកិច្ច និងជំងឺរាតត្បាតរបស់រដ្ឋាភិបាល។
វិបត្តិនយោបាយ និងជំងឺកូវីដ-១៩ បានឈានដល់ចំណុចកំពូលកាលពីសប្តាហ៍មុន នៅពេលដែលលោក Saied បានបញ្ជាឱ្យកងយោធាគ្រប់គ្រងវិស័យសុខាភិបាល បន្ទាប់ពីការបណ្តេញលោករដ្ឋមន្ត្រីនៃក្រសួងនេះចេញ ហើយគ្រប់គ្រងមណ្ឌលចែកចាយវ៉ាក់សាំង។
សេដ្ឋកិច្ចទុយនីស៊ីបានធ្លាក់ចុះ ៨ ភាគរយកាលពីឆ្នាំមុន ហើយប្រទេសនេះក៏មានអត្រាមរណភាពដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតប្រចាំតំបន់ ដោយមានអ្នកស្លាប់ជាង ១,៨ ម៉ឺនករណី និងអ្នកឆ្លងច្រើនជាងកន្លះលានករណី ហើយតិចជាង ៨ ភាគរយនៃប្រជាជនសរុបប្រហែល ១២ លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ។
អ្នកនាំពាក្យសភាលោក Rached Ghannouchi និងជាប្រមុខបក្ស Ennahda ដែលបានដើរតួនៅក្នុងរដ្ឋាភិបាលចម្រុះជាបន្តបន្ទាប់ បានថ្កោលទោសសកម្មភាពរបស់លោក Saied ថាជាការរំលោភលើលទ្ធិប្រជាធិបតេយ្យ និងបានជំរុញឱ្យប្រជាជនទុយនីស៊ីធ្វើបាតុកម្មនៅតាមដងផ្លូវប្រឆាំង។ លោកថា ប្រធានាធិបតីរូបនេះ កំពុងធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាបមហន្តរាយ។
យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី Mechichi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងមិនធ្វើជាតួអង្គរំខាននោះទេ ហើយថាលោកត្រៀមខ្លួនប្រគល់អំណាចទៅឱ្យអ្នកណាដែលលោក Saied បានតែងតាំង។ ជាការឆ្លើយតបនឹងរឿងនេះ លោកប្រធានាធិបតី Saied ក៏មិនទាន់បានបញ្ជាក់ដែរថានរណាដែលនឹងត្រូវបានតែងតាំង តែលោកបានបញ្ជាឱ្យរដ្ឋបាលរដ្ឋ និងស្ថាប័នបរទេសបញ្ឈប់ការងាររយៈពេលពីរថ្ងៃ។



ប្រភព៖ Reuters