ក្រោយរដ្ឋប្រហារ ៦ខែ លទ្ធផលនៃការបោះឆ្នោតមីយ៉ាន់ម៉ាឆ្នាំ២០២០ ត្រូវបានលុបចោលជាផ្លូវការ

លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ ត្រូវ​បាន​លុបចោល​ជា​ផ្លូវការ ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​មីយ៉ាន់ម៉ា (UEC) ដែល​ចាត់​តាំង​ដោយ​រដ្ឋាភិបាល​យោធា ក្រោម​មូលហេតុ​ថា​ការ​បោះឆ្នោត​នេះ​​មិន​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់ UEC ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា។

លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០២០ បង្ហាញ​ថា​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ឈ្នះ​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​សភា​ជាន់​ទាប និង​សភា​ជាន់​ខ្ពស់ ដែល​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ដោយ​ខ្លួន​ឯង។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ UEC បាន​អះអាង​ថា​ពួកគេ​រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ២០២០ ចំនួន​ប្រមាណ ១១លាន​ករណី ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​សរុប​ប្រមាណ ៣០​លាន​នាក់ នៅ​មណ្ឌល​បោះឆ្នោត​ទូទាំង​ប្រទេស។ ភាព​មិន​ប្រក្រតី​ទាំង​នោះ​រាប់​បញ្ចូល​ទាំង ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ក្រោម​អាយុ ១៨ឆ្នាំ អ្នក​បោះឆ្នោត​មាន​អាយុ​លើស​ ១០០ឆ្នាំ ព្រម​ទាំង​អ្នក​បោះឆ្នោត​ដោយ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​។

ក្រៅ​ពី​ភាព​មិន​ប្រក្រតី​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត UEC ក៏​រក​ឃើញ​បញ្ហា​ចំនួន ១១ចំណុច​ផ្សេង​ទៀត ដែល​បញ្ហា​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​លក្ខខ័ណ្ឌ​នៃ​ការ​បោះឆ្នោត បញ្ហា​សមត្ថភាព​របស់​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ចាស់ ហើយ​ជាពិសេស​នោះ​គឺ ការ​ជ្រៀតជ្រែក​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ទៅ​លើ​នីតិវិធី​ និង​ដំណើរការ​នៃ​ការ​បោះឆ្នោត និង​ការ​រំលោភ​អំណាច​រដ្ឋបាល​របស់​គណបក្ស​ NLD ទាក់ទិន​លើ​រឿង​រៀបចំ​បទបញ្ជា​នៃ​ការ​ឃោសនា​ការ​បោះឆ្នោត និង​បទ​បញ្ជា​ទប់​ស្កាត់​នៃ​ជំងឺ​កូវីដ-១៩។

យ៉ាងណាមិញ បណ្ដាញ​អាស៊ី​សម្រាប់​ការ​បោះឆ្នោត​សេរី (ANFREL) ដែល​បាន​សង្កេត​ការណ៍​ក្នុង​ការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ២០២០​កន្លង​ទៅ បាន​រក​ឃើញ​ថា​ការ​បោះឆ្នោត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​អ្នក​បោះឆ្នោត៕

ប្រភព៖ myanmarseo

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner