ត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀនរកឃើញ៥នាក់នៅច្បារអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ  ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានបើកយុទ្ធនាការជាថ្មីម្តងទៀតដើម្បីត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀន នៅមុខវត្តចំប៉ា កំណាត់ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

យុទ្ធនាការនេះដឹកនាំដោយលោក ហ៊ត គីមនី អភិបាលរងខណ្ឌ , លោកឡូ ភារម្យ អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ដោយប្រើប្រាស់កម្លាំងសរុប ៥៥នាក់ រួមមាន, មន្ត្រី និងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌ , កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ។

ជាលទ្ធផល  កម្លាំងចម្រុះបានត្រួតពិនិត្យអ្នកបើកបរ រថយន្តធុនធំចំនួន៦៣ គ្រឿង រកឃើញអ្នកបើកបរមានសារធាតុញៀន បានចំនួន ០៥ នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការតាមនីតិវិធីច្បាប់។

លោក ហ៊ត គីមនី អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា ដោយសារមានការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌច្បារអំពៅ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោកផ្ទាល់ បានដាក់គោលដៅត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀន រកឃើញអ្នកបើកបរដែលប្រើប្រាស់សារធាតុញៀនចំនួន០៥នាក់។ យុទ្ធនាការនេះនឹងធ្វើបន្តទៀតនៅគ្រប់ផ្លូវទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ តែគោលដៅដែលសំខាន់គឺផ្លូវជាតិលេខ១ ព្រោះជាផ្លូវជាតិដ៏សំខាងសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទធ្វើចរាចរណ៍។

លោកអភិបាលរងបានបន្តទៀតថាមិនត្រឹមតែត្រួតពិនិត្យនូវសារធាតុញៀននោះទេបើរថយន្តធំណាដែលមានបិតស្គុតពណ៌ខ្មៅនៅលើកញ្ចក់ឬក៏បាំងវាងនននៅមុខកញ្ចក់ត្រូវតែបកចេញដើម្បីស្រួលងាយមើលទៅខាងមុខ ។ ជាមួយគ្នានេះដែរលោកអភិបាលរងខណ្ឌសំណូមពរដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញគ្រប់ប្រភេទ  រថយន្តដឹកកុងតឺន័រមុននឹងសម្រេចទទួលយកអ្នកបើកបររថយន្តត្រូវត្រួតពិនិត្យបញ្ហាសុខភាពជាមុនសិន ដើម្បីទប់ស្កាត់កុំអោយមានអ្នកបើកបរប្រើប្រាស់សារធាតុញៀន និងជាការរួមចំណែកកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែកលោក ឡូ ភារម្យ អធិការរង ខណ្ឌច្បារអំពៅទទួលការងារគ្រឿងញៀនបានប្រាប់អ្នកយកព័ត៌មានថាក្នុងការត្រួតពិនិត្យឆែកឆេរអ្នកបើកបររថយន្តប្រើប្រាស់សារធាតុញៀន កម្លាំងសមត្ថកិច្ចឃាត់ត្រួតពិនិត្យរថយន្តចំនួន៦៣ គ្រឿងនឹងរកឃើញអ្នកបើកបររថយន្តដែលមានសារធាតុមានជាប់ក្នុងខ្លួន០៥ នាក់ ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅខាងក្រុមហ៊ុនអោយមកយកទៅវិញ ៕ 
ដោយ៖សណ្តោស

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner