លោក ចូ បៃដិន កំពុងពិចារណាដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករដ្ឋទាំងអស់ (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា រដ្ឋបាលរបស់លោកបាននិងកំពុងធ្វើការពិចារណាលើកាតព្វកិច្ចមួយ ដែលនឹងទាមទារអោយបុគ្គលិករដ្ឋទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលមានការកើនឡើងយ៉ាងគំហុក នៃការឆ្លងរីករាលដាលវីរុសបម្លែងខ្លួនថ្មី Delta ។
នៅពេលត្រូវបានអ្នកយកព័ត៌មានម្នាក់ សាកសួរថាតើរដ្ឋបាលរបស់លោកកំពុងថ្លឹងថ្លែងលើតម្រូវការបែបនេះដែរឬទេ?នោះ លោក បៃដិន បាននិយាយប្រាប់វិញថា បញ្ហាខាងលើកំពុងស្ថិតក្រោមការពិចារណាក្នុងពេលបច្ចុប្បន្ននេះ ។ កាត្វកិច្ចចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសហព័ន្ធ គឺអាស្រ័យទៅលើអត្រាករណីឆ្លងនៅក្នុងតំបន់ដែលពួកគេរស់នៅ ហើយជម្រើសមួយនេះ ក៏កំពុងស្ថិតនៅក្រោមការពិចារណារបស់លោក ចូ បៃដិន ផងដែរ ។
ទន្ទឹមនេះ សេតវិមានត្រូវបានគេរំពឹងថា អាចនឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ លើគោលនយោបាយនេះទាំងស្រុងនៅក្នុងសប្ដាហ៍នេះ ។ ទិន្នន័យផ្ដល់ដោយការិយាល័យសហព័ន្ធគ្រប់គ្រង និងកញ្ចប់ថវិកាបានអោយដឹងថា កាលពីឆ្នាំ២០២០ បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកមានច្រើនជាង៤.២លាននាក់នៅទូទាំងប្រទេស ក្នុងនោះរាប់បញ្ចូលទាំងបុគ្គលិក នៅក្នុងវិស័យយោធាផងដែរ ៕ ប្រភព៖ CGTN

