អ្នកវិទ្យាសាស្ត្រអាមេរិក៖ ចិនកំពុងសាងសង់មូលដ្ឋានមីស៊ីលនុយក្លេអ៊ែរទីពីរ
អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញថាប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទីពីរសម្រាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរ និងអាចជា «ការពង្រីកដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក នៃសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ចិន»។
ក្នុងរបាយការណ៍ចុះផ្សាយកាលពីថ្ងៃចន្ទនេះ អ្នកស្រាវជ្រាវបាននិយាយថាពួកគេបានធ្វើការរកឃើញការដ្ឋាននេះ ហើយវាអាចមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១១០បំពង់ បន្ទាប់ពីធ្វើការវិភាគរូបផ្កាយរណបនៃដីវាលមួយនៅជិតទីក្រុង Hami នៃតំបន់ស្វយ័តស៊ីនជាំង។
ការដ្ឋាននេះមានចម្ងាយ ៣៨០ គីឡូម៉ែត្រពីមូលដ្ឋានមួយទៀតនៅជិតទីក្រុង Yumen ខេត្ត Gansu ហើយកាលពីដើមខែនេះក្រុមអ្នកស្រាវជ្រាវមួយផ្សេងទៀតរកឃើញការដ្ឋានសាងសង់បំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១២០ បំពង់។
ការដ្ឋាន Hami និង Yumen នឹងបង្កើនចំនួនបំពង់បាញ់មីស៊ីលក្រោមដីរបស់ចិនយ៉ាងខ្លាំង ដោយក្នុងរយៈពេលជាច្រើនទសវត្ស ចិនបានប្រតិបត្តិការបំពង់បាញ់មីស៊ីលអន្តរទ្វីប(ICBM) Df-5 ត្រឹមតែ ២០ប៉ុណ្ណោះ។ សរុបមក កងកម្លាំងមីស៊ីលនៃកងទ័ពរំដោះប្រជាជនចិន នឹងមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ២៥០ នៅពេលការដ្ឋានទាំងពីនេះបញ្ចប់ការសាងសង់។
ក្រុមអ្នកស្រាវជ្រាវបានសរសេរក្នុងរបាយការណ៍របស់ពួកគេថា៖ «ចំនួននៃបំពង់មីស៊ីលចិន ដែលកំពុងស្ថិតក្រោមការសាងសង់ នឹងធំជាងចំនួនបំពង់បាញ់មីស៊ីលអន្តរទ្វីបរបស់រុស្សី ហើយធំជាងពាក់កណ្ដាលនៃទំហំកម្លាំង ICBM អាមេរិកទាំងមូល»។
ពួកគេបានបន្តទៀតថា៖ «កម្មវិធីសាងសង់បំពង់បាញ់មីស៊ីលរបស់ចិន គឺជាការសាងសង់មានលក្ខណៈទូលំទូលាយបំផុតចាប់តាំងពីការប្រណាំងសាងសង់រវាងអាមេរិក និងសហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់»។
ទោះយ៉ាងណាក៏ដោយពួកគេបានសង្កត់ធ្ងន់ថាវាមិនច្បាស់ទេថាតើប្រទេសចិននឹងធ្វើប្រតិបត្តិការបំពង់ទាំងនេះបែបណាទេ តើចិននឹងដាក់មីស៊ីលនៅក្នុងគ្រប់បំពង់ទាំងអស់ ឬប្រើបំពង់ខ្លះជានុយដោយគ្មានមីស៊ីល។
បើទោះជាយ៉ាងនេះក៏ដោយ ពួកគេបាននិយាយថាការធ្វើបែបនេះ អាចជាសញ្ញាបង្ហាញគឺកំពុងបង្កើនស្ដុកអាវុធនុយក្លេអ៊ែររបស់ពួកគេរហូតទៅដល់ពីរទៅបីដង ដោយបច្ចុប្បន្នគេប៉ាន់ស្មានថាចិនមានក្បាលគ្រាប់ពី ២៥០ ទៅ៣៥០គ្រាប់។ ប៉ុន្តែនេះគឺជាចំនួនតូចបើប្រៀបធៀបទៅនឹងក្បាលគ្រាប់ជាង ៣៨០០ គ្រាប់របស់អាមេរិក។
រដ្ឋាភិបាលចិនមិនបានធ្វើការអត្ថាធិប្បាយទៅលើរបាយការណ៍នេះទេ ប៉ុន្តែសារព័ត៌មានរដ្ឋចិន Global Times បានចេញផ្សាយបទវិចារណកថាមួយដែលនិយាយថាការអះអាងរបស់អ្នកស្រាវជ្រាវរបស់អាមេរិកគឺខុស ហើយការដ្ឋានក្នុងរូបភាពផ្កាយរណបគឺគ្រាន់តែជាគ្រឹះនៃស្ថានីយថាមពលដើរដោយខ្យល់។ ពួកគេបាននិយាយថាប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នអាមេរិកមួយចំនួន បានធ្វើការបំប៉ោងការចោទប្រកាន់ខាងលើដើម្បីដាក់សម្ពាធលើក្រុងប៉េកាំង។
ព័ត៌មាននេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងរុស្ស៊ីត្រៀមសម្រាប់កិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលត្រូវបានគេឃើញថាជាជំហានដំបូងនៃការស្ដារកិច្ចព្រមព្រៀងបង្ការការប្រកួតប្រណាំងអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ។ ប៉ុន្តែប្រទេសមិនដែលបានចូលរួមការចរចាកំណត់អាវុធនុយក្លេអ៊ែរណាមួយជាមួយអាមេរិក ហើយមានជំហរថាខ្លួននឹងចូលរួមប្រសិនបើអាមេរិកទម្លាក់សមត្ថភាពនុយក្លេអ៊ែរឱ្យស្មើគ្នា៕

ប្រភព៖ Aljazeera