អាមេរិក និងរុស្សីធ្វើកិច្ចពិភាក្សានុយក្លេអ៊ែរ នៅក្រុងហ្សឺណែវ ព្រមជួបគ្នាម្ដងទៀតនៅខែកញ្ញា
កាលពីថ្ងៃពុធ ទី២៨ កក្កដា មន្ត្រីជាន់ខ្ពស់រុស្សី និងអាមេរិកបានបើកការពិភាក្សាឡើងវិញដើម្បីបន្ធូរបន្ថយភាពតឹងរវាងមហាអំណាចអាវុធនុយក្លេអ៊ែរធំជាងគេក្នុងពិភពលោក ហើយបានយល់ព្រមជួបគ្នាម្ដងទៀតនៅខែកញ្ញាបន្ទាប់ពីការពិគ្រោះយោបល់ក្រៅផ្លូវការ នេះបើតាមក្រសួងការបរទេសអាមេរិក។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman និងអនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergei Ryabkov បានដឹកនាំគណៈប្រតិភូរបស់ពួកគេទៅចូលរួមកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ។ សារព័ត៌មានរុស្សី TASS បានរាយការណ៍ថាលោក Ryabkov បានសម្ដែងការពេញចិត្តចំពោះការពិគ្រោះយោបល់នេះ ហើយបាននិយាយថាសហរដ្ឋអាមេរិកបានបង្ហាញការត្រៀមខ្លួនសម្រាប់ការសន្ទនាប្រកបដោយការស្ថាបនា។
ការប្រជុំថ្នាក់អនុរដ្ឋមន្ត្រីនេះ គឺក្នុងចំណោមការប្រជុំដំបូងរវាងរុស្សីនិងអាមេរិកក្នុងរយៈពេលជិតមួយឆ្នាំ ខណៈពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងជុំវិញបញ្ហាជាច្រើនដែលរួមមានការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិននិងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ដែលប្រទេសទាំងពីរគ្រប់គ្រងជាង៩០ភាគរយនៃអាវុធនុយក្លេអ៊ែរទាំងអស់ បានព្រមព្រៀងគ្នាកាលពីខែមិថុនាបើកកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគី ដើម្បី«ដាក់មូលដ្ឋានគ្រឹះសម្រាប់វិធានការគ្រប់គ្រងអាវុធ និងកាត់បន្ថយហានិភ័យនាពេលអនាគត»។
ការសម្រេចនេះធ្វើឡើង ខណៈពេលដែលភាពតានតឹងជុំវិញការគ្រប់គ្រងអាវុធនុយក្លេអ៊ែរបានបង្កឱ្យកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតាំងពីសម័យសង្គ្រាមត្រជាក់ជាច្រើនផុតកំណត់ដោយមិនមានការបន្តបន្ថែម ធ្វើឱ្យមានការព្រួយបារម្ភថានឹងមានការប្រកួតប្រណាំងអាវុធនុយក្លេអ៊ែរសារជាថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ប្រភព៖ Reuters