ទេសរដ្ឋមន្ត្រី អៀង មូលី ៖ យើងត្រូវបន្តថែរក្សាសន្តិភាព
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៅវត្តផុងភក្តីវរារាម ក្នុងឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

វេទិកានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ តំណាងមន្ទីរ ការិយាល័យជំនាញជុំវិញស្រុកបរសេដ្ឋ អាជ្ញាធរឃុំភក្តី កងកម្លាំងប្រដាប់អាវុធ និងប្រជាជនប្រមាណ ៤៥០នាក់។

បន្ទាប់ពីលោកអភិបាលស្រុកឡើងធ្វើរបាយការណ៍មក ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពាក្យភក្តី បើក្នុងការប្រយុទ្ធនឹងមេរោគអេដស៍គឺត្រូវស្មោះស្ម័គ្រមួយទល់នឹងមួយ។ ឯកឧត្តមបានបន្តថា សម័យយើងនេះ មានសុខសន្តិភាពច្រើនជាងគេ និងបានយូរជាងសម័យមុនៗ។ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ចាប់ពីចុងឆ្នាំ១៩៩៨មក យើងបានសុខសន្តិភាពរហូត។

ហើយដោយសារមានសន្តិភាព ទើបយើងមានការអភិវឌ្ឍ មានផ្លូវជាច្រើនក្រាលកៅស៊ូ ព្រមទាំងនឹងធ្វើការពង្រីកថែមទៀត។ ខេត្តកំពង់ស្ពឺពីមុនក្រជាងគេ ប៉ុន្តែឥឡូវនេះ មានទឹកស្អាត អគ្គិសនី បង្គន់អនាម័យប្រើប្រាស់។ ចំពោះកម្រិតជីវភាពវិញ ក្នុងពេល១០ឆ្នាំទៀត យើងម្នាក់ៗនឹងមានចំណូលយ៉ាង តិច៣៥០០ដុល្លារក្នុងមួយឆ្នាំ។ នៅឆ្នាំ២០៥០ យើង ម្នាក់ៗនឹងមានចំណូលចាប់ពី១ម៉ឺនដុល្លារ ហើយប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ចំពោះរឿង EBA ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គវេទិកាថា សូមកុំបារម្ភ។ ពីមុនគេអនុគ្រោះមិនយក ពន្ធ តែឥឡូវគេយកពន្ធ២០%។ គេមិនមែនបិទទីផ្សារទេ គឺឱ្យយើងបង់ពន្ធលើស្ករ កាបូប វ៉ាលី ស្បែកជើងជាដើម។ ហើយបើមានការផ្អាកការងាររោងចក្រមួយ ចំនួនក្នុងពេលដ៏ខ្លីខាងមុខនេះ គឺប៉ះចំលើរោងចក្រមួយចំនួន ដោយសារខ្វះវត្ថុធាតុដើមពីចិន។ ប្រទេសចិនកំពុងឆ្លងរាលដាល Covid-19 មិនមានការផលិតក្រណាត់ និងវត្ថុធាតុដើមដើម្បីនាំចេញមកកាន់កម្ពុជា និងពិភពលោកទាំងមូល។ ដូច្នេះ រឿងផ្អាកដំណើរការរោងចក្រមួយចំនួនគឺដោយសារខ្វះក្រណាត់ ឬវត្ថុធាតុដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងគិតគូរដោះស្រាយ។

បន្តមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់កម្មវិធីជូនប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរផ្សេងៗ។ ចំពោះសេវាតម្រូវការ ប្រជាជនបានស្នើសុំធ្វើអត្តសញ្ញាណបណ្ណថ្មី។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋ មន្ត្រីប្រគល់ជូន លោកអធិការនគរបាលស្រុកពន្លឿនការដោះស្រាយជូន។ ឯសំណូមពរដែលលើកឡើងពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ការស្តារ ជួសជុល កសាង ផ្លូវ ប្រឡាយ ទំនប់ទឹក សាលារៀន សាលាឆាន់ ភ្ជាប់បណ្ដាញអគ្គិសនីចូលតាមផ្ទះ ធ្វើរបងស្រះទឹក ប្រាក់ខែបុគ្គលិកសហគមន៍ព្រៃឈើ សម្លៀកបំពាក់ប្រជាការពារជាដើម។

សំណួរ និងសំណូមពរសរុបចំនួន២០ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យលោកមេឃុំ និងលោកអភិបាលស្រុកឡើងឆ្លើយ និងបកស្រាយជា៤ ដំណាក់ កាល។ ហើយឯកឧត្តម និងក្រុមការងារធ្វើការដោះស្រាយជូនដូចជា ទំនប់ទឹកមានសប្បុរសជនកំពុងជួយជួសជុល ការស្នើសុំស៊ីម៉ងត៍៥តោនដើម្បីបន្តសង់សាលាឆាន់ ផ្តល់ជូនជាថវិកា២លានរៀល ការធ្វើរបងស្រះទឹក ផ្តល់ជូនថវិកា ១លាន៥សែនរៀល និងស្នើសុំមេឃុំ និងប្រជាពលរដ្ឋធ្វើបុណ្យរៃអង្គាសថវិកាបន្ថែម។ ចំពោះសម្លៀកបំពាក់ប្រជាការពារ ឯកឧត្តមប្រគល់ជូនក្រុមការងារឃុំដោះស្រាយ។ ឯប្រាក់ខែសហគមន៍ព្រៃឈើ ឯកឧត្តមស្នើសិក្សាជាមួយរដ្ឋបាលព្រៃឈើ ដើម្បីដោះស្រាយ។ ឯកឧត្តមបានបញ្ជាក់ជូនអង្គវេទិកាថា សេវាសំណូមពរ បើដោះស្រាយបានភ្លាមយើងដោះជូន៕ធ.ដ
