សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMMRetreat) នៅហាណូយ ប្រទេសវៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

ឆ្លើយតបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ  អបតំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា  រដ្ឋមន្រ្តីក្រសួងការពារជាតិ  និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន  នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស   រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម និងជាប្រធាន នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ព្រមទាំងមានការចូលរួមពីបណ្តារដ្ឋមន្រីការពារជាតិជាសមាជិកប្រទេសអាស៊ាន ចូលរួមផងដែរ ។ ក្នុងឱកាសនោះបន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានថ្លែងបើកកិច្ចប្រជុំរួចមក កិច្ចប្រជុំបានធ្វើការពិភាក្សា ដោយធ្វើការវាយតម្លៃលើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង ផែនការកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៩ ព្រមទាំងបានធ្វើការពិភាក្សាអំពីស្ថានការណ៍ពិភពលោក និងតំបន់ផងដែរ ។

ថ្លែងនៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMMRetreat) នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានមានប្រសាសន៍ថា ៖ បញ្ហាគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់របស់យើងគឺនៅតែមាន។ តំបន់អាស៊ានកំពុងតែប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលកើតចេញឡើងពីបញ្ហាសន្តិសុខមិនមែនប្រពៃណី ។

តំបន់អាស៊ីអាគ្នេយ៍ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជារឿយៗ ពីបញ្ហគ្រោះធម្មជាតិ ដូចជាព្យុះ គ្រោះទឹកជំនន់ និងរលកយក្សស៊ូណាមិ។ បញ្ហាបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ និង ឧក្រិដ្ឋកម្មឆ្លងដែន បានបង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខ នៃបណ្តាប្រទេសក្នុងតំបន់។ ជាពិសេស បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាសន្តិសុខសកលរបស់មនុស្សជាតិ ដែលបានបង្កការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនលើសន្តិភាព និងសន្តិសុខសកល។ ស្របពេលដែលតំបន់យើងកំពុងផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងមិនមែនប្រពៃណីទាំងនេះ ថ្មីៗនេះ ពិភពលោក ក៏កំពុងតែពើបប្រទះនឹងការផ្ទុះឡើង នៃជម្ងឺរលាកសួតប្រភេទថ្មី ដែលមានប្រភពចេញពីប្រទេសចិន ហើយបានរីកសាយភាយដល់ប្រទេសជាង ២០។

ការរីកសាយភាយនៃវីរុសនេះបានបង្កឱ្យមានការរក្សាអ្នកជំងឺឱ្យនៅដាច់ពីគេក្នុងទ្រង់ទ្រាយធំ ភាពភ័យខ្លាចជាសាធារណៈ ការប្រកាន់ពូជសាសន៍ និងការកាត់បន្ថយនូវសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ចាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានសម្រេចចិត្តទទួលនាវាទេសចរណ៍ Westerdam ដែលមានផ្ទុកអ្នកដំណើរចំនួន ២២០០នាក់ ហើយនឹងទទួលការថែរក្សាដើម្បីរៀបចំទៅតាមស្ថានភាពជាក់ស្តែងអោយ ត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។

ករណីទទួលនេះជាការប្រឈមផង និងជាការសម្រេចចិត្តដែលប្រកបដោយការលំបាកផង ប៉ុន្តែក្នុងភាពជាមនុស្សធម៌ សីលធម៌ និងក្នុងក្របខ័ណ្ឌនៃការបង្ហាញនូវទឹកចិត្តចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហា ស្មុគ្រស្មាញបែបថ្មីនេះ ទោះជាបីជាមានការប្រឈមបែបនេះក្តី។ នេះក៏ជាការបញ្ជាក់ថា ទោះកម្ពុជាតូចមែន តែមានបេះដូង ទូលំទូលាយ ដោយមិនប្រកាន់ពូជសាសន៍ និងមិនរើសអើងក្នុងស្ថានភាពដែលមនុស្សជាតិមានទុក្ខលំបាកវេទនា។     សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងទៀតថា៖ មកដល់ពេលនេះ បើទោះបីជាមានអ្នកជំងឺ យើងក៏នៅតែជួយថែរក្សា និងព្យាបាល ហើយនៅតែមានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះជាប់រហូត ទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក្ដី។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ កម្ពុជាក៏សូមអំពាវនាវ និងសូមអោយមានការចូលរួម ដើម្បីរួមចំណែកជាមួយការជួយជ្រោមជ្រែងនេះផងដែរ ដែលនឹងកាន់តែជួយបង្កើនទំនុកចិត្ត និងការចូលរួមពីគ្រប់សមាសភាព គ្រប់យន្តការ និងប្រភពផ្សេងៗដែលអាចធ្វើទៅបាន។ សម្តេចពិជ័យសេនា បានសំដែងនូវជំនឿជឿជាក់ថា ៖ យើងនឹងអាចបន្តសកម្មភាព ជាក់ស្ដែង ចែករំលែកពត៌មាន ចែករំលែកការអនុវត្តដែលមានប្រសិទ្ធភាពបំផុត ក៏ដូចជាសាកល្បងសមត្ថភាព និងធនធានរបស់យើង ដើម្បីគ្រប់គ្រងការផ្ទុះ នៃជម្ងឺឆ្លងនេះ ហើយជួយឱ្យសហគមន៍របស់យើងកាន់តែមានភាពស្វិតស្វាញក្នុងការប្រឈមនឹងលក្ខខណ្ឌមិនអំណោយផលទាំងនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner