សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជារៀបចំសិក្ខាសលាស្តីអំពី “ អ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ” “ Small Business Startup Kit”

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបើកសិក្ខាសាលា ស្តីអំពី “អ្នកចាប់ផ្តើមអាជីវកម្មដំបូង ត្រូវយល់ដឹងអ្វីខ្លះ” “ Small Business Startup Kit ” នៅ វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ក្រោមអធិបតីភាពឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហសគ្រាសធុនតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុ ជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ។

លោកបណ្ឌិត  ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី វាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមក្នុងសិក្ខាសាលាចែករំលែកដ៏មានសារៈសំខាន់ សម្រាប់អ្នកដែលមានបំណងចាប់ផ្តើមអាជីវកម្មដំបូង ដែលបានរៀបចំនៅវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នាថ្ងៃនេះ។

សិក្ខាសាលា ស្តីអំពី “អ្នកចាប់ផ្តើមអាជីវកម្មដំបូង ត្រូវយល់ដឹងអ្វីខ្លះ” “ Small Business Startup Kit ” ពិតជាបានផ្តល់នូវគុណប្រយោជន៍យ៉ាងល្អប្រសើរ ដល់សាស្រ្តាចារ្យ និស្សិត អស់លោក លោកស្រីជាអាជីវករ និងសាធារណជន ជាសិក្ខាកាមដែលបានចូលរួមក្នុងឱកាសនេះ។   លោកបណ្ឌិត  ហេង វ៉ាន់ដា បានលើកឡើងថា នេះគឺជាកិត្តិយសថ្មីមួយទៀតសម្រាប់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ដែលបានសហការជាមួយ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាចែករំលែកដ៏មានខ្លឹមសារនេះ។ ហើយលោកបណ្ឌិត សូមថ្លែងអំណរគុណចំពោះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលបានជ្រើសរើសយកវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យធ្វើជាទីតាំងរៀបចំសិក្ខាសាលានេះ។

ឯកឧត្តម សុខ ខេង  អគ្គលេខាធិការ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា៖ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នឹងរៀបចំសិក្ខាសាលាចែករំលែកនានាជារៀងរាល់ខែ ដោយជ្រើសរើស យកប្រធានបទល្អៗ និងអញ្ជើញវាគ្មិនប្រកបដោយជំនាញ សមត្ថភាព និងបទពិសោធន៍ ដើម្បីមកចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាម ក្នុងគោលបំណងលើកស្ទួយសមត្ថភាពអាជីវកម្ម និងការបង្កើនមុខរបររបស់ប្រជាពលរដ្ឋកម្ពុជា សំដៅរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋកម្ពុជា និងសេដ្ឋកិច្ចជាតិ ។

ជាក់ស្តែងសិក្ខាសាលាស្តីអំពី “អ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ”  “Small Business Startup Kit ” នាថ្ងៃនេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានអញ្ជើញវាគ្មិនកិត្តិយស០៤រូប រួមមាន  ឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហសគ្រាសធុនតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុ ជាអនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការទី៣ នៃព្រឹទ្ធសភា។  លោកជំទាវឧកញ៉ា កែវ មុំ អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុនលីលី ផលិតនំស្រួយ និង លោកស្រី ចាន់ ភារី នាយិកា ក្រុមហ៊ុន ញូលីង ម៉ាឃីតធីង។ នៅក្នុងកម្មវិធីនេះ សិក្ខាកាមក្រៅពីទទួលបានចំណេះដឹង តាមរយៈការធ្វើបទបង្ហាញចែករំលែករបស់វាគ្មិន សិក្ខាកាមក៏អាចលើកសំណួរសួរដេញដោលទៅកាន់វាគ្មិនដោយផ្ទាល់ក្នុងវេទិការពិភាក្សា ក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ ឯកឧត្តម សុខ ខេង អគ្គលេខាធិការ សភាមុខរបរ និង កញ្ញា ស៊ុន ស៊ីហនិតនោវី អគ្គនាយិកា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អភិវឌ្ឍ បច្ចេកវិទ្យា Technology Solution Development TSD Co.,Ltd និងក្រុមហ៊ុន A+ Branding។

ឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហសគ្រាសធុនតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុ ជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១  និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះវាគ្មិនកិត្តិយស បណ្តាដៃគូសហការរៀបចំ និងសិក្ខាកាមទាំងអស់ ដែលបានរួមសហការគ្នាធ្វើឲ្យសិក្ខាសាលាស្តីអំពី “អ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ”  “Small Business Startup Kit ” មានដំណើរការយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធភាព ។ 

ឯកឧត្តម សុន គន្ធរ បញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុក  “ វិស័យ   ឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ” ដែលមានតួនាទីជំរុញកំណើនអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ – ២០២៥ និងគោលនយោបាយជាតិស្តីអំពី មុខរបរ និងការងារ ឆ្នាំ២០១៥ – ២០២៥ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់ ដែលអាចប្រកួតប្រជែងប្រសើរជាងមុន ជាមួយបណ្តាប្រទេសក្នុងតំបន់។

ដើម្បីសម្រេចឲ្យបានគោលដៅគោលនយោបាយជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧ -២០២៥ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងជំនាញ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាការចូលរួមចំណែកពន្លឿនសេដ្ឋកិច្ចកម្ពុជា ឲ្យមានការអភិវឌ្ឍលឿនដូចបណ្តាប្រទេសនានា។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពី ការជំរុញចលនាភូមិ១ ផលិតផល១ ឆ្នាំ២០១៦ -២០២៦ ។

ហើយក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏កំពុងរៀបចំគោលនយោបាយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងផែនការអនុវត្តរយៈពេល៥ឆ្នាំ ឆ្នាំ២០១៩ -២០២៣ ដែលគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមនេះ គឺជាមូលដ្ឋានគ្រឹះ និងជាត្រីវិស័យនាំកម្ពុជាឆ្ពោះទៅផ្សារភ្ជាប់វិស័យសហគ្រាសធុនតូច និងមធ្យម ទៅនឹងការ អភិវឌ្ឍឧស្សាហកម្ម។ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ទាមទារចាំបាច់នូវកត្តាធនធានមនុស្ស កត្តាបច្ចេកវិទ្យា កត្តាច្បាប់ កត្តាហិរញ្ញវត្ថុ ជាមូលដ្ឋាន ហើយផ្តើមចេញពីមុខរបរ និងមីក្រូសហគ្រាស ដែលសភាមុខរបរ និងមីក្រូសហគ្រាសកំពុងតែធ្វើនិងទទួលខុសត្រូវ ។

ជាមួយគ្នានេះ ដើម្បីភាពជោគជ័យ និងរីកចម្រើន ទាំងអស់គ្នា ឯកឧត្តម ស៊ុន គន្ធរ បានស្នើឲ្យពាណិជ្ជករ អាជីវករ ម្ចាស់សហគ្រាស ទាំងសហគ្រាសខ្នាតមីក្រូ ខ្នាតតូច មធ្យម និងធំទាំងអស់ រួមទាំងយុវជនជំនាន់ក្រោយ ត្រូវចូលរួមសហការគ្នាគ្រប់សកម្មភាព ដែលគាំទ្រដល់ការជំរុញលើក កម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner