ការរើសអើងជនជាតិចិននៅសហរដ្ឋអាម៉េរិកកំពុងកើនឡើង ព្រោះតែបញ្ហាវីរុសកូរ៉ូណាថ្មី ក្រោយករណីដូចគ្នានេះកើតមាននៅអង់គ្លេស កាណាដា និងបារាំង
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CNN បានចុះផ្សាយថា ការរើសអើងកាន់តែផុសផុលខ្លាំងឡើង ចំពោះប្រជាជនមកពីតំបន់អាស៊ី និង ជនជាតិអាម៉េរិកមានដើមកំណើតអាស៊ីនៅក្នុងសហរដ្ឋអាម៉េរិក ខណៈការរើសអើងនេះ បានបង្កការប៉ះពាល់ទាំងចំពោះបុគ្គលផ្ទាល់ និងចំពោះការធ្វើអាជីវកម្មផ្សេងៗ ។

រឿងបែបនេះមិនមែនធ្លាប់កើតមានឡើង តែនៅសហរដ្ឋអាម៉េរិកនោះទេ ដោយនៅប្រទេសមួយចំនួនទៀតដូចជា អង់គ្លេស កាណាដា និងបារាំងជាដើម ក៏បានកើតមានករណីដូចខាងលើនេះរួមមកហើយ ។ ជនជាតិមកពីតំបន់អាស៊ី ជាពិសេសជនជាតិចិន ត្រូវប្រឈមមុខខ្លាំងចំពោះការស្អប់ខ្ពើម និង រើសអើង ដែលត្រូវបានសារព័ត៌មានធំៗប្រចាំអឺរ៉ុប ជាពិសេស BBC ធ្វើការចុះផ្សាយ ។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ អង្គការសុខភាពពិភពលោក WHO បានធ្វើការអំពាវនាវយ៉ាងទទួចជាច្រើនលើកច្រើនសារ អោយពិភពលោកកុំមានការរើស អើង ប្រមាថមើលងាយ ស្អប់ខ្ពើមគ្នា និងកេងចំណេញពីគ្នា ដោយសារតែជំងឺឆ្លង ខូវីដ-១៩ ហើយត្រូវរួមសាមគ្គីគ្នាដើម្បីទប់ស្កាត់នឹងជំងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះ ៕



