អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា វាដូចជាឆាប់ពេកហើយ ដែលនិយាយថា វីរុស COVID-19 នឹងគំរាមដល់កីឡាអូឡាំពិកនៅជប៉ុន
ស្វីស៖ នាយកកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃឃើល រ៉ាយអែន នៅថ្ងៃទី១៨ ខែកុម្ភៈនេះនិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិក គឺនៅឆ្ងាយខ្លាំងណាស់ពីការពិចារណា ដើម្បីផ្តល់ដំបូន្មានដែលនឹងប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះអូឡាំពិករបស់ទីក្រុងតូក្យូ ប្រទេសជប៉ុន ។

លោក រ៉ាយអែន បានប្រាប់អ្នកយកព័ត៌មានថា យើងមិនផ្តល់ការវិនិច្ឆ័យដល់ពួកគេទេ… យើងជួយពួកគេក្នុងការវាយតម្លៃហានិភ័យរបស់ពួកគេ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេក្នុងពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ ។

ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃឃើល រ៉ាយអែន ត្រូវបានធ្វើឡើងស្របពេលដែលក្រុមអ្នករៀបចំនៅទីក្រុងតូក្យូ និង គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយម្តងហើយម្តងទៀតថា ពួកគេមិនមានផែនការច្បាស់លាស់ សម្រាប់កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា នោះទេ ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពពិភពលោកកាលពីខែមុន ៕


