អាជ្ញាធរជប៉ុនចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដំណើរចាកចេញពីនាវា Diamond Princess ហើយ ប្រសិនបើពិនិត្យឃើញអវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី
ជប៉ុន៖ អ្នកដំណើរប្រមាណ៥០០នាក់នៅលើនាវាទេសចរណ៍ ដាយមិន ព្រីន សេស ដែលជាប់គាំងនៅឯកំពង់ផែទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវាទេសចរណ៍ខ្នាតយក្សនេះនៅថ្ងៃទី១៩ ខែកុម្ភៈនេះហើយ បន្ទាប់ពីពិនិត្យឃើញអវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ។

ក្រសួងសុខាភិបាលជប៉ុនបញ្ជាក់ថា ចំពោះក្រុមអ្នកដំណើរដែលបានធ្វើតេស្ត និងចេញលទ្ធផល «អវិជ្ជមាន» ចំពោះមេរោគឆ្លងកូរ៉ូណាថ្មី ប៉ុន្តែពួកគេធ្លាប់បានស្នាក់នៅបន្ទប់ ឬជិតស្និទ្ធជាមួយអ្នកផ្ទុកវីរុសរលាកសួតនេះ ក៏ត្រូវបន្តដាក់ឲ្យនៅលើនាវារយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានថាតើពួកគេបានឆ្លងដែរឬទេ ។

បើតាមក្រសួងសុខាភិបាលជប៉ុន អ្នកដំណើរទាំងឡាយណាដែលបានទទួលការធ្វើតេស្ត និងចេញលទ្ធផលអវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី ឬ មិនមានរោគសញ្ញាសង្ស័យណាមួយទេនោះ នឹងចាប់ផ្តើមអនុញ្ញាតឲ្យចាកចេញពីនាវានៅថ្ងៃទី១៩ ខែកុម្ភៈនេះតទៅ ក្រោយពួកគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងអស់រយៈពេល១៤ថ្ងៃមកហើយលើនាវា ៕


