សម្តេចតេជោ ហ៊ុន សែន ព្រមានថា អ្នកបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវមានទោស
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានថា យើងបានបង្កើតអនុគណៈកម្មការ ដើម្បីដឹកនាំអនុវត្តច្បាប់រួចហើយ ចំពោះអ្នកដែលបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវមានទោសទណ្ឌ ដូចជាការផាកពិន័យ តិចឬច្រើន នឹងឈានទៅផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។
សម្តេចតេជោ បញ្ជាក់ទៀតថា ការជួបជុំគ្នាដោយខុសនឹងវិធានសុខាភិបាល ត្រូវតែផាកពិន័យ និងផ្តន្ទាទោសតាមច្បាប់ ពីព្រោះបើសិនជាគោរពសិទ្ធិបុគ្គលម្នាក់ វានឹងធ្វើឲ្យប៉ះពាល់ ការឆ្លងរាលដាល និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ដល់មនុស្សជាច្រើននាក់។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា យើងមិនអាចបញ្ចប់បានទេ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ហើយបរិបទនេះ យើងត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជាប្រចាំ ៕




