មេដឹកនាំក្រុមតាលីបង់អះអាងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាម៉េរិកនឹងត្រូវចុះហត្ថលេខានៅចុងខែកុម្ភៈនេះ

បរទេស៖ ក្រុមតាលីបង់បានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាម៉េរិកនៅត្រឹមចុងខែកុម្ភៈនេះ ដោយមានវត្តមានអ្នកធានាអន្តរជាតិចូលរួមជាមួយផងដែរ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល១៨ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ជាមួយគ្នានេះ មេដឹកនាំកំពូលមួយរូបនៃក្រុមតាលីបង់លោក អាប់ឌុល សាឡឹម ហាណាហ្វី បានប្រាប់អ្នកយកព័ត៌មានថា ភាគីទាំងសងខាងបានសម្រេចរួមគ្នានៅក្នុងការរៀបចំពិធីចុះហត្ថលេខានេះនៅក្នុងទីក្រុងដូហា ប្រទេសកាតា ដែលជាកន្លែងដែលបានរៀបចំការចរចារយៈពេល ១៨ ខែរវាងសហរដ្ឋអាម៉េរិក និងពួកតាលីបង់កន្លងមក ។

យ៉ាងណាមិញ លោក ហាណាហ្វី មិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃពិធីចុះហត្ថលេខានេះទេ ប៉ុន្តែប្រភពពីពួកតាលីបង់ធ្លាប់បានបញ្ជាក់កន្លងមកថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៩ ខែកុម្ភៈខាងមុខ ។

លោកបន្ថែមថា អ្នកតំណាងមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថានទាំងអស់ ក៏ដូចជាមកពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បណ្ដាប្រទេសឥស្លាម និងសហភាពអឺរ៉ុប ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខានេះ ។

បើតាមលោក  ហាណាហ្វី បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាភ្លាម សហរដ្ឋអាម៉េរិក និង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងដោះលែងពួកតាលីបង់ដែលជាប់ឃុំចំនួន៥ពាន់នាក់ ហើយក្រុមតាលីបង់ក៏នឹងដោះលែងអ្នកដែលខ្លួនដាក់ឃុំប្រហែល១ពាន់នាក់ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner