ឥណ្ឌូនេស៊ីអំពាវនាវអោយមីយ៉ាន់ម៉ាទទួលស្គាល់ការតែងតាំងបេសកជនអាស៊ាន
ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូឌី បានធ្វើការជំរុញអោយមីយ៉ាន់ម៉ាអនុម័តទទួលស្គាល់ការតែងតាំងបេសកជនពិសេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែល(អាស៊ាន) ប្រចាំប្រទេសនេះ ។
រយៈពេល៦ខែបន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នានៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីសម្រេចតែងតាំងបេសកជនម្នាក់ដែលមានភារកិច្ចបញ្ចប់អំពើហិង្សា និងជំរុញការសន្ទនារវាងរបបយោធា និងគូប្រជែងរបស់ខ្លួន ។
និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយតាមរយៈវីដេអូអនឡាញ លោកស្រី រ៉េតណូ ម៉ាស៊ូឌី បានបញ្ជាក់ថា អាស៊ានមិនមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការអនុវត្តផែនការប្រាំចំណុចរបស់ខ្លួន ដើម្បីបញ្ឈប់ភាពចលាចលនៅមីយ៉ាន់ម៉ា ដែលបានប្រកាសកាលពីខែមេសាទេ ។ លោកស្រីបន្ថែមថា ការអូសបន្លាយពេលដូច្នេះ មិនផ្តល់ផលល្អដល់អាស៊ានទេ ហើយប្រសិនបើភាពអសកម្មនៅតែបន្ត បញ្ហានេះគួរតែប្រគល់ជូនមេដឹកនាំនានាដើម្បីផ្តល់ការណែនាំ ៕ ប្រភព៖ Bangkok Post



