សមាជិកបក្សប្រឆាំង បន្តទាមទារឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin លាលែងពីតំណែង
កាលពីថ្ងៃចន្ទ ទី ២ ខែសីហា សមាជិកសភាមកពីគណបក្សប្រឆាំងម៉ាឡេស៊ី បានប្រមូលផ្តុំគ្នានៅទីលាន Merdeka ក្នុងរដ្ឋធានីកូឡាឡាំពួរ ដើម្បីទាមទារសារជាថ្មីឱ្យលោកនាយករដ្ឋមន្ត្រីMuhyiddin Yassin លាលែងពីតំណែង ដោយសារពួកគេមិនមានការពេញចិត្តនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលរបស់លោកក្នុងការពន្យារពេល និងលើកពេលកិច្ចប្រជុំពិសេសរបស់សភា។

អ្នកនយោបាយជើងចាស់ និងគូប្រជែងនយោបាយគឺ លោក Anwar Ibrahim និងអតីតនាយករដ្ឋមន្ត្រី Mahathir Mohamad បានទុកភាពខុសគ្នានៅដោយឡែក ហើយឈរពួតដៃគ្នា នៅក្នុងការជួបជុំសមាជិកសភាជាង ១០០ នាក់។ លោក Datuk Seri Anwar ដែលជាមេដឹកនាំគណបក្សប្រឆាំង បានអះអាងថារដ្ឋាភិបាលរបស់លោកMuhyiddin គឺលែងទទួលបានទំនុកចិត្តពីសភាទៀតហើយ។
សភាម៉ាឡេស៊ីមាន ២២២អាសនៈក្នុងនោះ ២ អាសនៈនៅទំនេរ នេះមានន័យថា ដើម្បីបង្កើតរដ្ឋាភិបាល មួយគេត្រូវការយល់ព្រមពីសមាជិកសភា១១១ រូប។ លោក Mahathir បានប្រាប់អ្នកយកព័ត៌មានថា៖ «បើទោះបីជាប្រជាជនបានបន្តថ្កោលទោស និងទាមទារឱ្យគាត់(លោកMuhyiddin) ចុះពីតំណែងក៏ដោយ ក៏គាត់នៅតែមិនព្រមមានភាពខ្មាសអៀន ហើយមិនចុះចេញពីតំណែងឡើយ»។
ក្រុមសមាជិកសភា បាននិយាយថា ពួកគេនឹងចូលរួមប្រជុំនៅសភានៅថ្ងៃចន្ទនេះ បើទោះបី ជាមានការពន្យារពេលក៏ដោយ ប៉ុន្តែត្រូវបានរារាំងមិនឱ្យចូលទៅកាន់អាគារប្រជុំទេ។ ដូច្នេះពួកគេ បានធ្វើដំណើរ ទៅជួបជុំគ្នានៅឯទីលាន Merdeka ក្បែរនោះវិញ។ ក្រោយមក លោក Anwar បានថ្លែងសុន្ទរកថាខ្លីមួយ មុនពេលក្រុមបានសម្រេចចិត្ត បែកខ្ញែកគ្នាដោយសន្តិវិធី។
រដ្ឋបាលលោក Muhyiddin បានពន្យារពេលប្រជុំនៅថ្ងៃចន្ទនេះ ដោយលើកឡើងពីករណីឆ្លង កូវីដ១៩ ដែលត្រូវបានរកឃើញនៅក្នុងអាគារប្រជុំ។ កាលពីថ្ងៃអាទិត្យ ឧបនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានបដិសេធថាការពន្យារពេលនៃការប្រជុំនេះ គឺមិនមែនដោយសារតែនយោបាយដោយទទូចថាវាផ្អែកលើទិន្នន័យវិទ្យាសាស្ត្រនិងដើម្បីកត្តាសុខភាពទៅវិញទេ។
ក្រសួងសុខាភិបាលម៉ាឡេស៊ី ក៏បានណែនាំថាកិច្ចប្រជុំរបស់សភាគឺគួរតែពន្យារពេលពីរសប្ដាហ៍ ។ប៉ុន្តែសមាជិកសភាតំណាងខេត្ត Muar លោក Syed Saddiq Abdul Rahman បានកត់សម្គាល់ថា៖ «នៅពេលសភាបើកអង្គប្រជុំដំបូង កាលពីថ្ងៃចន្ទសប្ដាហ៍មុន អត្រាវិជ្ជមាន (កូវីដ១៩) គឺមាន ២,៩ ភាគរយ។ ក៏ប៉ុន្តែថ្ងៃសុក្រ ដែលជាថ្ងៃផ្អាកការប្រជុំ អត្រាវិជ្ជមានគឺត្រឹមតែ ០,៩ ភាគរយប៉ុណ្ណោះ។ តើប្រទេសណាដែលសុខចិត្តបើកទីតាំង(ការប្រជុំ)ឡើងវិញ នៅពេលដែលអត្រាវិជ្ជមានខ្ពស់? ប៉ុន្តែផ្អាកនៅពេលមានអត្រាឆ្លងទាប?»។
ការរិះគន់នេះ បានកើតឡើងចំពេលមានការទាស់ទែងគ្នា រវាង លោក Muhyiddin និងព្រះមហាក្សត្រ ស៊ុលតង់អាប់ឌុលឡាហ៍អាម៉ាដសាហ៍ ជុំវិញការសម្រេចចិត្តជាឯកតោ ភាគីរបស់រដ្ឋាភិបាល ក្នុងការលុបចោលការប្រកាសអាសន្ន។