វៀតណាមបានសម្លាប់មាន់ជាង៥ម៉ឺនក្បាលចោល ដោយសារមានផ្ទុះជំងឺផ្តាសាយបក្សីជាថ្មី!

វៀតណាម៖ សារព័ត៌មាន Vnexpress បានចេញផ្សាយកាលពីម្សិលមិញថា ទីក្រុងហាណូយ និងខេត្តបួនទៀតក្នុងប្រទេសវៀតណាម កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់លើការរាតត្បាតនៃជំងឺផ្ដាសាយបក្សី ដែលបណ្ដាលឲ្យមានសត្វបក្សីប្រមាណ ៥៥ ០០០ក្បាលត្រូវបានសម្លាប់ចោលថ្មីៗនេះ។

នាយកដ្ឋានសុខភាពសត្វវៀតណាមឲ្យដឹងថា ការផ្ទុះឡើងជំងឺផ្ដាសាយបក្សី ៣ករណីចុងក្រោយ ត្រូវបានរកឃើញនៅខេត្ត Thanh Hoa និង Tra Vinh។ ជាលទ្ធផលមានសត្វបក្សីប្រមាណ ២ ៦៧០ ក្បាល បានងាប់ឬត្រូវបានគេសម្លាប់នៅទូទាំងតំបន់ទាំងនេះ។ ការផ្ទុះជំងឺផ្តាសាយបក្សី ក៏ត្រូវបានគេរកឃើញនៅហាណូយ, ខេត្ត Bac Ninh និង Nghe An ផងដែរ។

សូមរម្លឹកថា ប្រទេសវៀតណាមបានសម្លាបបក្សីប្រមាណ ១៣៣ ០០០ ក្បាល កាលពីឆ្នាំមុនដោយសារជំងឺផ្តាសាយបក្សី។ កត្តាដែលបណ្ដាលឲ្យការផ្ទុះជំងឺផ្ដាសាយបក្សីកើនឡើងទូទាំងប្រទេសវៀតណាមត្រូវបានគេដឹងថា បណ្តាលមកពីចំនួនបក្សីច្រើនពេក, កត្ដាអាកាសធាតុអាក្រក់ និងការធ្វើពាណិជ្ជកម្មសាច់គ្មានអនាម័យនិងការអនុវត្តការសម្លាប់សត្វជាដើម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner