វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្សកើនដល់១.៨៧០នាក់ ខណៈមនុស្សសរុប១២.៥៥២នាក់ជាសះស្បើយ និង ចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន
ចិន៖ តួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន បានឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ បន្តកើនឡើងដល់១.៨៧០នាក់ ស្របពេលដែលមនុស្ស៧ម៉ឺន២ពាន់៤៣៦នាក់បានឆ្លងវីរុសនេះនៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១នៅទូទាំងប្រទេសចិន ។

ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលចិនបានឱ្យដឹងដែរថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីសរុបចំនួន ១ម៉ឺន២ពាន់៥៥២នាក់ហើយ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង ។ ហើយបើតាមគណៈកម្មការសុខាភិបាលជាតិចិន រយៈពេលពេញមួយថ្ងៃទី១៧ ខែកុម្ភៈ មនុស្សចំនួន ១.៧០១នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់១ម៉ឺន២ពាន់៥៥២នាក់ដូចខាងលើ ។

ដោយឡែកនៅថ្ងៃទី១៧ ខែកុម្ភៈនេះដែរ ក្រុមជំនាញវេជ្ជសាស្ត្រយោធា៦៧៦នាក់ បូករួមទាំងថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យរាប់សិបតោនទៀតត្រូវបានដឹកជញ្ជូនបន្ថែម តាមរយៈយន្តហោះយោធា០៨គ្រឿង ទៅកាន់ខេត្តហ៊ូប៉ី និងទីក្រុងវូហាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុសរលាកសួតដ៏កាចសាហាវមួយនេះ ៕

