ថៃអាចនឹងខាតបង់ប្រាក់១.៣ពាន់លានដុល្លារ និងប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ ប្រសិនបើសហរដ្ឋអាម៉េរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP

ថៃ៖ នៅថ្ងៃទី០៣ ខែមីនាខាងមុខនេះ ក្រុមសហជីពកម្មករនឹងត្រូវជួបជាមួយនា យករដ្ឋមន្ត្រីថៃលោក បា្រយុទ្ធ ចាន់អូចា ដើម្បីពិភាក្សាគ្នារកមធ្យោបាយបញ្ជៀសកុំឱ្យសហរដ្ឋអាម៉េរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ប្រទេសថៃ ខណៈមានការព្រមានជាច្រើនថា ការព្យួរនេះអាចនឹងប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ ។

តំណាងពាណិជ្ជកម្មអាម៉េរិក (USTR) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩បានប្រកាសថា ខ្លួននឹងផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ថៃមានតម្លៃជាង១.៣ពាន់លានដុល្លារ ហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំនេះ ជាមួយការលុបចោលនូវការអនុគ្រោះពន្ធលើផលិតផលនាំចូលពីថៃចំនួន ៥៧៣មុខ ដែលអាចនឹងប្រឈមមុខនឹងការបង់ពន្ធ៤.៥ភាគរយ ។

សូមបញ្ជាក់ថា ការប្រកាសលុបចោលនេះ ធ្វើឡើងដោយសារតែរដ្ឋាភិបាលថៃបានបរាជ័យ ក្នុងការដោះស្រាយបញ្ហារំលោភបំពានសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និង វិស័យដឹកជញ្ជូនតាមកប៉ាល់ទំនិញ ។ ដូច្នេះបើថៃចង់បានប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រឡប់មកវិញ ទីក្រុងបាងកកត្រូវតែបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការលើកម្ពស់ និង ការពារសិទ្ធិពលករ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner