យោធាថៃព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងដីពាណិជ្ជកម្មទៅឱ្យក្រសួងហិរញ្ញវត្ថុ ក្រោយកើតមានករណីបាញ់សម្លាប់មនុស្ស២៩នាក់ដោយសារជម្លោះដីធ្លី
ថៃ៖ យោធាថៃបានយល់ព្រមផ្ទេរសិទ្ធិគ្រប់គ្រងដីពាណិជ្ជកម្មមានទំហំ១៦ ម៉ឺនហិកតានៅថ្ងៃទី១៧ ខែកុម្ភៈនេះ ទៅឱ្យក្រសួងហិរញ្ញវត្ថុវិញ ក្នុងគោលបំណងធ្វើកំណែទម្រង់នៃការអនុវត្តការធ្វើជំនួញរបស់ខ្លួន ។

នាយឧត្តមសេនីយ៍ Teerawat Boonyawat ដែលជាប្រធានសេនាធិការយោធាថៃបានលើកឡើងថា ចាប់ពីពេលនេះ យោធាថៃនឹងប្រគល់គម្រោងជាច្រើន ទៅឱ្យនាយកដ្ឋានរតនាគារជាតិ ដើម្បីពិចារណាថាគួរតែដំណើរការគម្រោងទាំងនេះយ៉ាងដូចម្ដេច ដោយឈរលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិនានា ។ លោកបន្ថែមថា ការផ្ទេរនេះគឺមានន័យថា ប្រាក់ចំណូលពីជំនួញនឹងត្រូវប្រគល់ឱ្យរដ្ឋដោយផ្ទាល់ រីឯមួយចំនួនទៀតនឹងត្រូវគិតគូរទៅលើសុខមាលភាពរបស់កងទ័ព ។

ការសម្រេចខាងលើនេះ ធ្វើឡើងបន្ទាប់ពីទាហានម្នាក់ឈ្មោះ ចាក្រាផាន់ ធមម៉ា បានបាញ់សម្លាប់មនុស្ស២៩នាក់ និង រងរបួស៥៧នាក់នាពេលថ្មីៗនេះ ដោយ សារតែជម្លោះដីធ្លី ដែលរូបគេយល់ថា ត្រូវបានគេបោកប្រាស់ ។ តែក្រោយមក ទាហានមានអាយុ៣២ឆ្នាំរូបនេះ ក៏ត្រូវបានកងកម្លាំងសន្តិសុខថៃបាញ់សម្លាប់ផងដែរ ៕



