ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់នឹងមិនធ្វើកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក ស្ថិតក្រោមការដាក់សម្ពាធជាដាច់ខាត
អ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងមិនបើកកិច្ចចរចាជាមួយសត្រូវរបស់ខ្លួនជាយូរមកហើយឡើយ (សហរដ្ឋអាម៉េរិក) នៅក្នុងកាលៈទេសៈស្ថិតក្រោមសម្ពាធជាដាច់ខាត នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៊ូហាន់នី នៅក្នុងសន្និសិទសារព័ត៌មានមួយផ្សាយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃទី១៦ ខែកុម្ភៈ និងថា ការជួយជ្រោមជ្រែងរបស់ទីក្រុងតេហេរ៉ង់ គឺចាំបាច់ដើម្បីបង្កើតសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ។

នាឱកាសនោះ លោក រ៊ូហាន់នី បាននិយាយយ៉ាងដូច្នេះថា អ៊ីរ៉ង់នឹងមិនធ្វើកិច្ចចរចាណាមួយ ស្ថិតក្រោមការដាក់សម្ពាធជាដាច់ខាត… យើងនឹងមិនព្រមចុះចាញ់ជាមួយការដាក់សម្ពាធរបស់សហរដ្ឋអាម៉េរិកឡើយ… ហើយយើងក៏នឹងមិនចរចាក្នុងជំហរទន់ខ្សោយដែរ លោកថា សម្ពាធអតិបរមារបស់សហរដ្ឋអាម់េរិកចំពោះអ៊ីរ៉ង់នឹងត្រូវបរាជ័យ ។

សូមជម្រាបថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងថ្មីមួយ ដែលអាចរារាំងដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់, ការបញ្ឈប់កម្មវិធីមីស៊ីលផ្លោងអ៊ីរ៉ង់ និង ការចូលរួមរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមជាច្រើនទសវត្សរ៍នៅតំបន់មជ្ឈិមបូព៌ា ។

ប៉ុន្តែអ៊ីរ៉ង់បានទាត់ចោលការចរចាគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងថ្មី ដោយនិយាយថា កិច្ចចរចាគ្នាអាចដំណើរការទៅបាន លុះត្រាតែអាម៉េរិកវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ និង ដកចេញវិញនូវទណ្ឌកម្មទាំងអស់របស់ខ្លួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ៕ធ.ដ