អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៤ខ្នង និងទ្រព្យសម្បត្តិមានតម្លៃជាច្រើនមុខ រងការខូចខាត និងបាត់បង់ នៅខេត្តកំពង់ធំ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ ទឹកប្រាក់ជិត៣ម៉ឺនដុល្លារអាម៉េរិក មាស១៣តំឡឹង លំនៅដ្ឋាន៤ខ្នង រួមទាំងទ្រព្យសម្បត្តិមានតម្លៃជាច្រើនប្រភេទ បានរងការឆេះ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយ ដែលបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៦កុម្ភៈឆ្នាំ២០២០ នៅក្នុងសង្កាត់កំពង់ក្របៅ ខេត្តកំពង់ធំ។


 
សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ កើតឡើងនៃគ្រោះអគ្គិភ័យនោះ គេបានឃើញ កម្លាំងសមត្ថកិច្ចទាំង៣ ប្រជាការពារ រួមជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើអន្តរាគមន៍ជួយពន្លត់ភ្លើងនោះ។ ប៉ុន្តែ នៅតែមិនអាចទប់ទល់នឹងស្ថានការណ៍បានឡើយ ហើយភ្លើងបានបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅលើលំដ្ឋានប្រជាពលរដ្ឋ៣គ្រួសារ មានចំនួន៤ខ្នងផ្ទះ បូករួមទាំងទ្រព្យសម្បត្តិមានតម្លៃនៅក្នុងនោះ អស់ទាំងស្រុង តែគ្មានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ពីគ្រោះអគ្គិភ័យនេះឡើយ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបង្ហាញរបាយការណ៍បឋមថា គ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ៣គ្រួសារ មានចំនួន ៤ខ្នងផ្ទះ ដោយភ្លើងបានឆាបឆេះអស់ទាំងស្រុង បើទោះបីជាកម្លាំងសមត្ថកិច្ចទាំង៣ និងប្រជាពលរដ្ឋ ពិសេស កម្លាំងនគរបាលជំនាញខេត្ត បានអន្តរាគមន៍ពន្លត់ភ្លើងនោះយ៉ាងណាក្តី នៅតែមិនអាចជួយសង្គ្រោះបាន ប៉ុន្តែ បានទប់ស្កាត់ មិនឲ្យភ្លើងឆេះរាលឆ្លង ទៅឆេះផ្ទះអ្នកឯទៀតបានឡើយ។ ម្ចាស់ផ្ទះរងគ្រោះទាំង៣ គឺ ១. ឈ្មោះ ហេង ហ្គិច ២. ជៀម ថៃ និង ៣.ស៊ូ  គឹមសាត អ្នកទាំង៣ រស់នៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងឲ្យដឹងថា មូលហេតុដែលផ្តើមឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើង គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី នៅចំណុចបង្គោលភ្លើងមុខផ្ទះ  ឈ្មោះ ហេង ហ្គិច ហើយឆ្លងចូលទៅក្នុងផ្ទះ បណ្តាលអោយឆាបឆេះផ្ទះ អស់ចំនួន៤ខ្នង។ លោកបានបញ្ជាក់ថា នៅក្នុងពេលភ្លើងកំពុងតែឆាបឆេះផ្ទះទាំងនោះ ស្នងការដ្ឋាន បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១៥រថយន្ត បានប្រើប្រាស់កម្លាំងសរុប បូករួមជាមួយនឹងការជួយពីប្រជាពលរដ្ឋផងដែរ។ រីឯ ទ្រព្យសម្បត្តិដែលរងការខូចខាត និងបាត់បង់នៅក្នុងពេលនោះ មានគ្រែដេក ៦គ្រឿង ទូរទស្សន៍ ២គ្រឿង លុយដុល្លារ ២ម៉ឺន ៧០០០ដុល្លារ លុយខ្មែរ ២៥លានរៀល ម៉ូតូ ២គ្រឿង មាស ១៣តំឡឹង និងសម្ភារមានតម្លៃមួយចំនួនថែមទៀត។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានរស់នៅ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យនេះ ព្រោះវាអាចកើតឡើងបាន នៅគ្រប់ពេលវេលា៕ ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner