លោកឧត្តម សេនីយ៍ទោ សុង លី បានអំពាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ក្នុងរយៈពេល៣១ថ្ងៃអគ្គិភ័យកើតឡើង១៩លើក និងបណ្តាលឱ្យរងរបួសមនុស្ស៣នាក់
ភ្នំពេញ៖ ថ្លែងក្នុងពិធីគោរពទង់ជាតិនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានកម្លាំងនគរបាលរាជធានីភ្នំពេញចូលរួមជាង៧០០នាក់ លោកឧត្តម សេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ និងការជំរុញឱ្យកម្លាំងនគរបាលបង្កើនប្រសិទ្ធភាពចេញប្រតិបត្តិការជួយសង្រ្គោះបញ្ហាអគ្គិភ័យ ដើម្បីការពារអាយុជវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

គ្រាដែលគេមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះនៅរាជធានីភ្នំពេញបញ្ហាប្រឈមគ្រោះថ្នាក់ដោយអគ្គិភ័យបានកើតឡើងឆេះរោងចក្រ ឆេះផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់បង្កជាគ្រោះមហន្តរាយខូចខាតទ្រព្យសម្បត្តិនិងបង្កឱ្យមនុស្សរងរបួស។ គ្រាន់តែក្នុងរយៈពេល៣១ថ្ងៃចុងក្រោយនេះរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញឱ្យដឹងថាកើតឡើងចំនួន១៩លើក បង្កឱ្យរងរបួសមនុស្ស០៣នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញប្រតិបត្តិការពន្លត់អគ្គិភ័យប្រើប្រាស់ទឹកប្រមាណ៣០០រថយន្ត។

លោកឧត្តម សេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌក៏បានលើកឡើងពាំនាំនូវប្រសាន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយពិនិត្យឃើញអគ្គិភ័យកើតឡើងគួរឱ្យព្រួយបារម្ភនៅក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលត្រូវពង្រឹងនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងណែនាំឱ្យប្រជាពលរដ្ឋចូលរួមការពារបង្ការទប់ស្កាត់បញ្ហាអគ្គិភ័យដើម្បីបញ្ចៀសគ្រោះថ្នាក់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ។

សូមបញ្ជាក់ថាតាមរបាយការណ៍អគ្គិភ័យកើតឡើងនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមក បង្កឡើងដោយឆ្លងចរន្តអគ្គិសនី បែកធ្លាយធុងហ្គាស ឆ្លងចរន្តអគ្គិសនីចេញពីក្បាលអាគុយរថយន្ត និងការឆេះស្ថិតក្នុងការស្រាវជ្រាវរបស់កម្លាំងសមត្តកិច្ច៕
ដោយ៖ សំ វិច្ឆិកា












