បើកម៉ូតូកង់បីឆ្លងផ្លូវត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ជាប្រពន្ធបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកចំពាក់កណ្ដាលបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ ឯប្ដីរបួសស្រាល កាលពីវេលាម៉ោង ១២ និង ២០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចផ្សារក្រមួនតាមបណ្តោយផ្លូវ១០០៧កែងនឹងផ្លូវ ១៩៧៤ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរស្ត្រីម្នាក់ទៀតជាប្រពន្ធបើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HX-0180 ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៧៤ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនក៏មានរថយន្តមួយគ្រឿងម៉ាកគា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AE-1037បើកបរដោយបុរសម្នាក់រួមដំណើរ នឹងបុរសម្នាក់ទៀតធ្វើដំណើរតាមដងផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹងបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ចំណែកប្តីរងរបួសស្រាលភ្លាមៗនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ តែភាគីសងខាងសូមធ្វើការសម្របសម្រួលគ្នា ដោយពួកគាត់សុំយកម៉ូតូកង់បីនិងរថយន្តទៅជួសជុសរៀងៗខ្លួន៕


