ជនសង្ស័យប្រុសស្រី ២នាក់ ពាក់ព័ន្ធ ករណីលួចដែកក្នុងការដ្ឋានសំណង់បុរីប៉េងហួត ត្រូវនគរបាលប៉ុស្ដិ៍និរោធ ឃាត់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១នេះ មានករណី លួចដែក នៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវ បេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃ ទី០៤ ខែសីហា ឆ្នាំ ២០២១ ម៉ោង១៦និង៣០នាទីបង្កឡេីងដោយជនសង្ស័យ២នាក់ ត្រូវសន្តិសុខបុរីប៉េងហួត ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌច្បារអំពៅ បានបញ្ចាក់ឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ចាន់ អឹម ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខបុរីប៉េងហួត ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន ០២នាក់ ៖ ទី១-ឈ្មោះ អ៊ិន ហេងឈុន ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ។ និងទី២-ឈ្មោះ ជួន ផល្លាស់ ភេទ ស្រី អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទិញ-លក់អេតចាយ ស្នាក់នៅភូមិព្រែកធំ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូត ៖ ដែកថ្នាំងអំពៅ ៣៩៧ដើម, ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ ១០០កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខមាន សណ្តោងរ៉ឺម៉ក និងទូរស័ព្ទដៃ ០២គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនសង្ស័យបានលួចដែកថ្នាំងអំពៅចំនួន ៣៩៧ដើម (ប្រវែងជាង ០១ម៉ែត្រ) ពីក្នុងការ ដ្ឋានសំណង់បុរីប៉េងហួត (ចំណុចកើតហេតុ) រួចទាក់ទងទៅបក្ខពួកម្នាក់ទៀតឈ្មោះ ជួន ផល្លាស់ ជិះម៉ូតូម៉ាកហុងដាសេ ១០០កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខមានសណ្តោងរ៉ឺម៉កឲ្យមកដឹកដែកខាងលើទៅលក់ឲ្យគេយកលុយចែកគ្នាចាយ រួច ជនសង្ស័យឈ្មោះ ជួន ផល្លាស់ ក៏ជិះម៉ូតូដឹកដែកទាំងអស់គេចខ្លួនបានបន្តិច ក៏ត្រូវបានសន្តិសុខបុរីប៉េងហួតមកដល់ឃាត់ ខ្លួនជនសង្ស័យទាំង ០២នាក់ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្ដង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

