កម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់ខ្លួនមនុស្សប្រុសស្រីជាង២០នាក់ ប្រមូលផ្ដុំគ្នាផឹកស៊ីនៅភោជនីយដ្ឋានមួយកន្លែង ល្មើសវិធានការសុខាភិបាល

ភ្នំពេញ ៖ ក្រុមអ្នកផឹកស៊ីប្រុសស្រីចំនួន២២នាក់ រួមទាំងរថយន្តជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាជាមួយគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ដ្វើម្បីយកសំណាក និងដកហូតទាំងរថយន្ត ខណៈពេលដែលកំពុងតែជួបជុំប្រមូលផ្តុំគ្នាផឹកស៊ីនៅភោជនីយដ្ឋាន តាសេត ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីជួនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩។ ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចភោជនីដ្ឋាន តា សេត ស្ថិតនៅតាមផ្លូវកែវចិន្តា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យយដឹងថា រថយន្តសេរីទំនើបៗចំនួន១៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការហ៊ុព័ទ្ធ ខណៈពេលដែលម្ចាស់រថយន្តកំពុងតែអង្គុយផឹកស៊ីសប្បាយនៅខាងក្នុងភោជនីយដ្ឋាន តាសេត ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ មនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពឃាត់ទុករួចហៅក្រុមគ្រូពេទ្យឱ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋានតែម្តង។

គួរបញ្ជាក់ថា តាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតចំពោះតែភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាននូវវិធានសុវត្តិភាពផ្នែក សុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្តិភាពបុគ្គល និងសង្គមអាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអោយភ្ញៀវចូលទទួលទានបានក្នុងបរិវេណទីតាំង ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិវេណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សារអោយបានជាដាច់ខាតនូបគម្លាតសុវត្តិភាព បុគ្គលនិងសង្គម និងដើម្បីធានាអោយមានខ្យលចេញចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងប្រជ្រៀតគ្នាឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យ នៃការចម្លងវីរុសកូវីដ១៩។ ភោជនីយដ្ឋាន ដែលត្រូវអនុញ្ញាតក្នុងចំណុច ខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតអោយអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។ ប៉ុន្តែភោជនីយដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ីយ៉ាងសប្បាយ ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្កអោយមានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ១៩។

ក្រោយពេលប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនរួច រថយន្តចំនួន១៣គ្រឿង រួមមានរថយន្តស៊េរីទំនើបម៉ាកហ្ស៊ិប ពាក់ស្លាកលេខ ខេមរៈ ភូមិន្ទ០១.២.៩៥៥៨២ មួយគ្រឿង និងស្លាកលេខនរបាលមួយគ្រឿង រួមទាំងមនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាក់រួច ទើបកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនយកទៅសាលាខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner