អភិបាលខេត្តបាត់ដំបង បានជម្រុញឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតាមចំណុចគោលដៅព្រំប្រទល់ខេត្ត ត្រូវពង្រឹងនូវវិធានការបិទខ្ទប់ឲ្យបានម៉ត់ចត់បន្ថែមទៀត

      នៅរសៀល ថ្ងៃទី០៥ខែសីហាឆ្នាំ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តមួយក្រុម ដើម្បីចុះពិនិត្យស្ថានភាពទូទៅ ដែលស្ថិតនៅតាមចំណុចគោលដៅ នៃភូមិសាស្ត្រក្នុងខេត្តរបស់ខ្លួន នៅតាមបណ្តាស្រុកមួយចំនួន ដូចជា៖ស្រុកថ្មគោល និងស្រុកបវេល ដែលមានព្រំប្រទល់ជាប់និងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ និង ស្រុកកំរៀង ដែលមានភូមិសាស្ត្រជាប់និងខេត្តប៉ៃលិន ជាដើម។

      ក្នុងដំណើរនៃការចុះពិនិត្យមើលនៅតាមចំណុចគោលដៅខាងលើនេះ គឺក្នុងគោលបំណងផ្តោតសំខាន់ ដើម្បីជំរុញដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅខាងលើទាំងនោះ ដើម្បីដាក់ចេញនូវវិធានការចំពោះមុខក្នុងការរឹតបន្តឹងបន្ថែមដែលប្រចាំការគោលដៅ ដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-19បំប្លែងថ្មីប្រភេទDelta ដែលកន្លងមក វាបាននាំចូលនិងឆ្លងចូលសហគមន៍ដោយសារតែលំហូរបងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃហើយពួកគេទាំងនោះបានគេចវេសពីការត្រួតពីនិត្យ របស់កម្លាំងសមត្ថកិច្ច នៅតាមមាត់ច្រកព្រំដែនក្នុងការដាក់ឲ្យធ្វើចត្តាឡីស័កនិងតេស្តយកវត្ថុសំណាក ហើយបន្លំខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន ដែលអាចបង្កហានិភ័យនៃការឆ្លង និងចម្លងពីជម្ងឺកូវីដ-19នេះ។

      នេះគឹជាការលើកឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តនិងអមដំណើរដោយថ្នាក់ដឹកនាំសំខាន់ៗអភិបាលរងខេត្ត ឯកឧត្តមជាទីប្រឹក្សា សម្តេចក្រឡាហោមលោកស្នងការនគរបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។

      កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ភូមិសាស្ត្រខេត្តចំនួន៨ជាតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ កាលពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១ក្នុងគ្រាដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោមខេត្តទាំង៨ ត្រូវបានរាជរដ្ឋាភិបាល កំណត់ធ្វើការបិទខ្ទប់ រួមមាន៖ ខេត្តកោះកុង,ពោធិសាត់,បាត់ដំបង,ប៉ៃលិន,បន្ទាយមានជ័យ,ឧត្តរមានជ័យ,ព្រះវិហារនិងខេត្តសៀមរាប ដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍ នៃមេរោគកូវីដ-19 បំប្លែងថ្មី ប្រភេទ(Delta.)។

      ក្នុងការចុះពិនិត្យមើល និងស្វែងយល់ ពីស្ថានភាពប្រឈមនានា ដែលកំពុងកើតមាននៅតាមចំណុចគោលដៅនៃភូមិសាស្ត្រព្រំប្រទល់ខេត្តនីមួយៗនេះ ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានក្តាប់នូវសំណូមពរ ពិក្រុមការងារតាមគោលដៅទាំងនោះ និងសំណូមពរមួយចំនួនរបស់លោកអភិបាលស្រុកពាក់ព័ន្ធនិងភូមិសាស្ត្រខាងលើ ដើម្បីរកដំណោះស្រាយ និងដាក់ចេញនូវវិធានការថ្មីបន្ថែមជាក់លាក់នូវក្នុងការអនុវត្ត ដើម្បីប្រសិទ្ធភាពក្នុងការរឹតបន្តឹងនូវវិធានទប់ស្កាត់ទាំងនោះឲ្យបានសម្រេចជោគជ័យ ក្នុងការផ្តាច់ការឆ្លងរាតត្បាត និងការរីករាលដាល ពីជម្ងឺកូវីដ-19 ចូលក្នុងសហគមន៍។

       ក្នុងដំណើរចុះសាកសួរសុខទុក្ខកងកម្លាំងនៅតាមបណ្តាគោលដៅប្រចាំការតាមដងផ្លូវជាតិព្រំប្រទល់ខេត្ត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោមនិងលោជំទាវ ព្រមទាំងបាននាំយក នូវ សម្ភារៈការពារ ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-19 មាន៖ ម៉ាស់ អាល់កុលភេសជ្ជៈនិងគ្រឿងបរិភោគមួយចំនួនផងដែរ។

               សូមបញ្ជាក់ថា៖ ចាប់ផ្តើមពីមានការរាតត្បាតជាសកលពីជំងឺឆ្លងកូវីដ-19នៅក្នុងខេត្តបាត់ដំបងកន្លងមកនេះ គិតត្រឹមថ្ងៃទី០៥ ខែសីហា ២០២១មានអ្នកឆ្លង សរុបចំនួន ៣.៩២៩នាក់, ព្យាបាលជាសះស្បើយ សរុបចំនួន ២.៣៤២នាក់, អ្នកស្លាប់ សរុបចំនួន ៤៧ករណី, អ្នកជំងឺកំពុងព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក ខេត្ត ស្រុក និង នៅតាមមណ្ឌលព្យាបាលនានា សរុបចំនួន១.៥៤០នាក់។

       ដោយឡែកនៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានថ្មីបន្ថែម ចំនួន ១០៨នាក់(សហគមន៍៩៩នាក់-មកពីថៃ០៩នាក់),ព្យាបាលជាសះស្បើយចំនួន១១១នាក់ អ្នកស្លាប់ថ្មីចំនួន ០២នាក់(សរុប៤៧នាក់)៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner