ខេត្តកំពតត្រៀម គ្រែសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៣.០០០គ្រែ បន្ថែមទៀត

គ្រែសម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ជិត៣.០០០គ្រែ ត្រូវបានរៀបចំរួចរាល់ បន្ថែមលើចំនួនគ្រែនៅតាមកន្លែងព្យាបាលដែលបានបង្កើតឡើងនៅក្នុងខេត្តកំពត។ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានតម្រូវឲ្យជំនាញពាក់ព័ន្ធ អង្គភាព កងកម្លាំង អាជ្ញាធរក្រុង ស្រុក ទាំងអស់ ត្រូវចូលរួមសហការគ្នា ត្រៀមលក្ខណៈអនុវត្តឲ្យបានល្អ ទាំងការរៀបចំមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ រួមនឹងការទំនុបបម្រុងផ្គត់ផ្គង់ស្បៀងអាហារសម្ភារៈប្រើប្រាស់ ឲ្យបានល្អ ដើម្បីអនុវត្តនូវបទបញ្ជានិងការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសារាចរលេខ០៥ ឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពត បច្ចុប្បន្នមានមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងដំណើរការប្រើប្រាស់មានចំនួនជាង ១០០០គ្រែ ហើយរដ្ឋបាលខេត្តនិងខិតខំបន្តជម្រុញ បង្កើនឲ្យបានដល់ចំនួនជាង៣ពាន់គ្រែយ៉ាងតិចក្នុងជំហានដំបូងសម្រាប់ការទទួលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ។

ពលករប្រមាណជាង១ម៉ឺននាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃនឹងត្រូវបញ្ជូនបន្តមកកាន់ខេត្តរៀងៗខ្លួន ដើម្បីទុកកន្លែងសម្រាប់អ្នកមកក្រោយបន្ទាប់ទៀត។ ម្ល៉ោះហើយ រដ្ឋបាលក្រុងស្រុកត្រូវចាប់ផ្តើមអនុវត្តនូវវិធានការបីចំណុចជាសំខាន់។ ក្នុងនោះ រួមមាន៖ ១. បញ្ជូនអ្នកធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុងស្រុកឱ្យទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះរៀងៗខ្លួន។ ២. ទៅទទួលពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃមកកាន់ខេត្តកំពត។ ៣.រៀបចំមណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័កបន្ទាន់សម្រាប់ទទួលពលករមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner