សម្ដេចតេជោ ហ៊ុន សែន ជូនអំណោយដល់លោកយាយអាយុ ១០៦ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តរតនគិរី
រតនគិរី៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ បាននាំយកអំណោយដ៏សប្បុរសរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ ណាយ វិត ជនជាតិដើមភាគតិចព្រៅ មានអាយុ ១០៦ឆ្នាំ រស់នៅភូមិប៉ាងគិត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អំណោយជូនលោកយាយ ណាយ វិត នាពេលនេះរួមមាន ៖ ថវិកាចំនួន៣លានរៀល និងសម្ភារៈជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃដដែល លោកជំទាវ ឱ វណ្ណឌីន និងឯកឧត្តម ថង សាវុន បាននាំយកអំណោយដ៏សប្បុរសរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រគល់ជូនចាស់ជរាចមនួន២នាក់ មានអាយុជាង១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅស្រុកអូរជុំ និងក្រុងបានលុង ខេត្តរតនគិរីផងដែរ៕





