មេបញ្ជាការកងទ័ព ចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ ស្រុកអង្គរធំ ខេត្តសៀមរាប
សៀមរាប៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញចូលរួមពិនិត្យមើល យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទីរួមស្រុកអង្គរធំ ខេត្តសៀមរាប របស់ក្រុមគ្រូពេទ្យចល័ត កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ វគ្គ២ ។
ការចុះពិនិត្យនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅវត្តវិសុទ្ធិមគ្គ ស្ថិតក្នុងភូមិកំពីងរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ក្នុងកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ពិសេសកិច្ចសហការល្អ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានបានបន្តចូលរួមដង្ហែព្រះសិរីរិកធាតុ និងរាប់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន ២០០អង្គ ដែលគង់នៅក្នុងវត្តវិសុទ្ធិមគ្គ នៅក្នុងស្រុកអង្គរជុំផងដែរ៕ ដោយ សួន លីណា






