វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៥ពាន់១៥៥ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃចន្ទនេះ
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៥ពាន់១៥៥ករណីបន្ថែមទៀត ក្នុងនោះ១៥នាក់ជាករណីនាំចូល និង៥ពាន់១៤០ករណីទៀតជាករណីឆ្លងក្នុងសហគមន៍ភាគច្រើននៅក្នុងទីក្រុងហូជីមិញ ។
សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៩ពាន់៦៩០ករណី ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះ បានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣ពាន់៨៩៨នាក់ ។
នៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៨១នាក់ទៀតផងដែរ ។ គិតត្រឹមយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២១ម៉ឺន៤០៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៧ម៉ឺន១ពាន់៤៩៧នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣ពាន់៣៩៧នាក់ ៕ ប្រភព៖ Viet Nam News

