ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៩ពាន់៦០៣ករណី និងស្លាប់១៤៩នាក់ទៀតក្នុងរបាយការណ៍ថ្ងៃចន្ទនេះ
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៩ពាន់៦០៣ករណី និងស្លាប់១៤៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៩ពាន់២៩០ករណីជាប្រជាជនទូទៅ និង ៣១៣ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៩ពាន់៨១៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៧៤ម៉ឺន៧ពាន់២៤៥ករណី ក្នុងនោះមានអ្នកជំងឺ៥២ម៉ឺន៧ពាន់៩០៨នាក់បានជាសះស្បើយឡើងវិញ ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី និងអ្នកជំងឺ៤៧ម៉ឺន៣ពាន់៧៣២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់២៥៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៣៥៣នាក់ ៕ ប្រភព៖ Bangkok Post

