ការស្រាវជ្រាវនៅអ៊ីស្រាអែល៖ ការចាក់វ៉ាក់សាំង Pfizer ដូសទី៣មានផលរំខានប្រហែលនឹងដូសទី២ដែរ
អ៊ីស្រាអែល៖ យោងតាមការស្រាវជ្រាវបឋមនៅអ៊ីស្រាអែលបង្ហាញថា ភាគច្រើននៃអ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣នៃវ៉ាក់សាំងPfizer មានអារម្មណ៍ថា មានផលប៉ះពាល់ដូចគ្នា ឬតិចជាងអ្វីដែលពួកគេធ្លាប់ទទួល បន្ទាបពីការចាក់ដូសទី២ដែរ ។
មនុស្សប្រហែល៤ពាន់៥រយនាក់ដែលទទួលបានការចាក់ដូសបន្ថែមកាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា បានឆ្លើយតបចំពោះសំនួរដែលរាប់បញ្ចូលក្នុងការសិក្សាស្រាវជ្រាវនេះ ។ អ្នកដែលបានឆ្លើយតប៨៨%នៅក្នុងការស្រាវជ្រាវបាននិយាយថា ប៉ុន្មានថ្ងៃបន្ទាប់ពីចាក់ដូសទី៣ ពួកគេមានអាការប្រហាក់ប្រហែល ឬល្អជាងកាលពីចាក់ដូសទី២ ។ ចំនួន៣១%ត្រូវបានរាយការណ៍ពីផលរំខានខ្លះៗ ដែលភាគច្រើនមានអាការៈឈឺចាប់តិចតូចនៅកន្លែងចាក់ ។ ប្រហែលជា០.៤%បាននិយាយថា ពួកគេពិបាកដកដង្ហើម និង១%និយាយថា ពួកគេបានស្វែងរកការព្យាបាលជុំវិញផលរំខានមួយ ឬច្រើនជាង ។
សូមជម្រាបថា អ៊ីស្រាអែលបានចាប់ផ្តើមការចាក់ដូសទី៣ ប្រហែលជា១០ថ្ងៃកន្លងទៅហើយ ដល់ប្រជាជនដែលមានអាយុ៦០ឆ្នាំ ដើម្បីប្រឹងប្រែងទប់ស្កាត់វីរុសបំប្លែងថ្មី Delta ដែលកំពុងរាតត្បាតមួយរយៈពេលចុងក្រោយនេះ ។ ប្រការនេះបានផ្តល់អោយអ៊ីស្រាអែលធ្វើតេស្តរកឃើញផលប៉ះពាល់សម្រាប់វ៉ាក់សាំងដូសទី៣ នៅមុនពេលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកអនុម័តជាផ្លូវការ ៕ ប្រភព៖ CNA


