បាតុកម្មប្រឆាំងយោធាមីយ៉ាន់ម៉ា ធ្វើឡើងចំថ្ងៃគម្រប់ខួបចលនាបះបោរឆ្នាំ១៩៨៨
បាតុកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាត្រូវបានធ្វើឡើងនៅទូទាំងប្រទេស កាលពីថ្ងៃទី៨ ខែសីហា ដែលជាថ្ងៃគម្រប់ខួបចលនាបះបោរប្រឆាំងយោធាកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨ ឬ គេហៅថាចលនា ៨៨៨៨។
កាលពីឆ្នាំ១៩៨៨ កន្លងទៅ មានមហាបាតុកម្មយ៉ាងធំប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ដែលកាលនោះដឹកនាំដោយលោក Ne Win ប៉ុន្តែរងការបង្ក្រាបយ៉ាងខ្លាំង ដោយមានស្ថិតិមួយចំនួនអះអាងថា អ្នកតវ៉ាដែលបានបាត់បង់ជីវិតមានរហូតដល់ទៅជាង ៣ពាន់នាក់។
ចំណែកឯនៅឆ្នាំ២០២១នេះវិញ សារព័ត៌មានរ៉យទ័របានរកឃើញថា មានបាតុកម្មយ៉ាងតិចនៅ ៦កន្លែងផ្សេងគ្នានៅមីយ៉ាន់ម៉ា។
ខាងយោធាមីយ៉ាន់ម៉ាវិញ មិនមានការលើកឡើងណាមួយពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៨៨៨៨ នោះទេ ដោយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកមីន អ៊ុងឡាំង ចេញសារមួយអបអរគម្រប់ខួប ៥៤ឆ្នាំ នៃការបង្កើតអាស៊ាន។ ក្នុងសារនោះលើកឡើងតែពីដំណើរដើមទងរបស់អាស៊ាន និងទិដ្ឋភាពទូទៅផ្សេងៗប៉ុណ្ណោះ ហើយមិនបានគូសបញ្ជាក់ពីការតែងតាំងប្រេសិតពិសេសអាស៊ានទៅកាន់មីយ៉ាន់ម៉ាឡើយ៕

ប្រភព៖ CNA