ប៉ូលីសថៃចោទប្រកាន់បុរសម្នាក់ ពីបទឃាតកម្មលើទេសចរជនជាតិស្វីស នៅកោះភូកេត

បាងកក​៖ ​ប៉ូលីស​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចោទ​ប្រកាន់​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ពី​បទ​ឃាតកម្ម​លើ​ស្រ្តី​អ្នក​ទេសចរ​ដែល​ជា​ជន​ជាតិ​ស្វីស​កាល​ពី​សប្ដាហ៍​មុន​នៅ​​រីសត​មួយ​លើ​កោះ​ភូកេត​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ លោក​ Krisana​ Pattanacharoen ​អ្នក​នាំ​ពាក្យ​រង​ប៉ូលីស​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ប៉ូលីស​បាន​​ចោទ​ប្រកាន់​ជន​ល្មើស​ពី​បទ​ឃាតកម្ម​ និង​ប្លន់​ដែល​បណ្តាល​ឱ្យ​ស្លាប់​ ក៏​ប៉ុន្តែ​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​ជន​រងគ្រោះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​ ហើយ​ការ​ធ្វើ​កោសល្យ​វិច័យ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ដែរ​។​

​​ជន​រង​គ្រោះ​ជន​ជាតិ​ស្វីស​ ឈ្មោះ ​​Nicole​ Sauvain-Weisskopf ​បាន​មក​ទស្សនា​ប្រទេស​ថៃ​ក្រោម​យុទ្ធនាការ​ទេសចរណ៍​ Sandbox ​ភូកេត​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ចូល​ក្នុង​កោះ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​ដរាប​ណា​ពួកគេ​ស្នាក់​នៅ​ទីនោះ​ពីរ​សប្តាហ៍​។​

​លោក​ Nanthadet​ Yoinuan ស្នង​ការ​រង​ខេត្ត​បាន​និយាយ​ថា​ ជន​សង្ស័យ​បាន​​ប្លន់​​ស្រ្តី​រូប​នេះ​នៅ​ក្បែរ​ទឹក​ជ្រោះ​កន្លែង​ដែល​នាង​ស្វែង​រក​ទិញ​ផ្លែ​ឈើ ​រួច​យក​លុយ​ ៩ ​ដុល្លារ​ក្នុង​កាបូប​របស់​នាង​ទិញ​គ្រឿង​ញៀន​ ស្រា​ និង​ជួស​ជុល​​ទូរស័ព្ទ​។​ លោក​ថា​ ជន​ល្មើស​បាន​សារភាព​ចំពោះការ​ប្រព្រឹត្ត​បែប​នេះ​នៅ​ពេល​សួរ​ចម្លើយ​។​

​​សុវត្ថិភាពភ្ញៀវ​​ទេសចរ​ គឺ​ជា​បញ្ហា​រសើប​មួយ​សម្រាប់​ប្រទេស​ថៃ​ ដោយ​សារ​វិស័យ​នេះ​ គឺ​ជា​ឧស្សាហកម្ម​សំខាន់​ដែល​រក​ចំណូល​បាន​ជាង​ ១២ ​ភាគ​រយ​នៃ​ផលិតផល​ក្នុង​ស្រុប​សរុប​របស់​ប្រទេស​ប្រចាំ​ឆ្នាំ​ ២០១៩​ ទោះ​បី​ជា​ពេល​នេះ​ ថៃ​​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ក៏​ដោយ​។​

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner