រឿងអាស្រូវ Kris Wu លាតត្រដាងបញ្ហាប្រជាប្រិយភាព និងអ្នកគាំទ្ររបស់លោក
តារាសម្តែងនិងអ្នកចំរៀងដើមកំណើតចិន សញ្ជាតិកាណាដា លោកKris Wu Yifan រងការចោទប្រកាន់ថារូបលោកបានប្រព្រឹត្តបទល្មើសបំពានផ្លូវភេទជាបន្តបន្ទាប់ ដោយលោកបានចាប់រំលោភនារីវ័យក្មេងអស់ជាច្រើននាក់។ លោកបាន បដិសេធដោយហៅអ្នកចោទប្រកាន់ទាំងនោះ ថាជាមនុស្សកុហក ហើយនិយាយថារូបលោកនឹងចូលពន្ធធនាគារដោយខ្លួនឯងប្រសិនបើការអះអាងប្រឆាំងនឹងរូបលោកគឺជាការពិត។
យោងតាមរបាយការណ៍តាមប្រព័ន្ធអនឡាញ បានបង្ហាញថាលោក“ Wu Yifa បានបញ្ឆោតស្ត្រីវ័យក្មេងជាច្រើននាក់ម្តងហើយម្តងទៀតឱ្យរួមភេទជាមួយលោក” ។ លោក Wu ត្រូវបានចោទប្រកាន់ដោយ កញ្ញា Du Meizhu ដែលជាអ្នកមានអ្នកតាមដានច្រើន លើអ៊ីនធឺណិតម្នាក់ ហើយបានអះអាងថា ខ្លួនជាមិត្តស្រីរបស់ Krisផងដែរ។នាងបានចោទលោក Kris ពីបទល្បួងក្មេងស្រីមិនទាន់គ្រប់អាយុឱ្យរួមភេទជាមួយលោក ក្រោមហេតុផលថាគាត់កំពុងជ្រើសរើសតារាសម្តែងស្រី ។
កន្លងមក កញ្ញា Du បានប្រាប់សារព័ត៏មានថា លោក Kris បានប្រើវិធីផ្សេងៗដើម្បីទាក់ទងនិងល្បួងក្មេងស្រីវ័យក្មេងទាំងនោះហើយ ចំនួនជនរងគ្រោះរួមទាំងខ្លួននាងផងដែរនោះ គឺលើសពី ៨ នាក់ ដែលក្នុងនោះពីរនាក់ជាអនីតិជន។
កញ្ញា Du បាននិយាយថានាងបានស្គាល់លោកWu នៅពេលនាងមានអាយុ ១៧ ឆ្នាំដោយនាង បានបន្តថា នាងត្រូវបានគេអញ្ជើញឱ្យទៅផ្ទះរបស់គាត់រួមជាមួយក្មេងស្រីដទៃទៀត ដែលពួកគេត្រូវបានគេបង្ខំឱ្យផឹកស្រា ហើយពេលនាងភ្ញាក់ឡើងគឺនាង នៅលើគ្រែលោក Kris ទៅហើយ។
កញ្ញា Nini Ye បានយំអស់រាប់ម៉ោងកាលពីសប្តាហ៍មុន នៅពេលនាងដឹងថាតារាចម្រៀងនិងជាតារាសម្ដែងដើមកំណើត ចិន សញ្ជាតិកាណាដារូបនេះ ត្រូវបានប៉ូលីស ប៉េកាំងឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ។
យុវតីខាងលើមកពីខេត្ត Shenzhen មានអាយុ ១៧ ឆ្នាំបាននិយាយថា «យុវវ័យខ្ញុំ ១០ ឆ្នាំបានបាត់បង់ទៅហើយ។ ខ្ញុំនឹងមិនចូលចិត្តឬ គាំទ្រតារាផ្សេងទៀត អស់មួយជីវិតរបស់ខ្ញុំទៀតទេ»។
Nini គឺជាសមាជិកម្នាក់នៃក្លិបអ្នកគាំទ្រ លោក Kris នៅ ប្រទេសចិនដែលបានតាមគាំទ្រ តារារ៉េបចម្រៀងខាងលើ ចាប់តាំងពីគាត់បានបង្ហាញខ្លួនជាសមាជិកក្រុម Exo ក្នុងឆ្នាំ ២០១២ ។
នាងបានចំណាយពេលរាប់មិនអស់ដើម្បី តាមដានគាត់ទាំងក្នុងនិងក្រៅបណ្តាញសង្គម នាងក៏បានស្តាប់ចម្រៀងពីអាល់ប៊ុមរបស់គាត់ហើយចំណាយលុយឲ្យអស់ពីលទ្ធភាពដែល នាងអាចធ្វើបានលើផលិតផលនិងការផ្សាយពាណិជ្ជកម្មដែលមាន លោក Kris ដើម្បីបង្ហាញពីការគាំទ្រ ទៅលើរូបលោក Kris។
សារព័ត៏មាន Business insiders បាន និយាយថា ករណីរបស់ Wu Yifan មានវ័យ ៣០ឆ្នាំ គឺជាចំណុចរបត់មួយ នៅក្នុងការបង្ក្រាបរបស់ប៉ូលីសជាមួយក្រុមតារាដែលបានចាប់ផ្តើមកាលពីខែមិថុនានេះ ដើម្បីពង្រឹង និងពិនិត្យក្រុមភ្នាក់ងារគ្រប់គ្រងតារាក្លឹបអ្នកគាំទ្រ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានក្លាយជាមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងចំណោមយុវជនក្មេងៗក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចាប់តាំងពីពេលនោះមក អ្នកឃ្លាំមើលតាមអ៊ីនធឺណេត គណកម្មាការកិច្ចការអង្កេតលើប្រព័ន្ធអ៊ីនធឺណែត (The Cyberspace Affairs Commission) លុបចោលនូវ « សារដែលអាចបង្កគ្រោះថ្នាក់» ជាង ១៥០,០០០ និងបានបិទគណនីលើបណ្តាញសង្គមជាង ៤០០០ ។
Chen Chun អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ស៊ុនយ៉ាតសេននៅក្វាងចូវ បាននិយាយថាវប្បធម៌អ្នកគាំទ្រនាពេលបច្ចុប្បន្ននេះ អាចមានតាំងពីឆ្នាំ ២០០៤ ។ យោងតាមលោក Chen បាតុភូតនៃការគាំទ្រតារាយ៉ាងងប់ងល់ ត្រូវបានបង្កើតឡើងដោយការកើនឡើងនៃ ក្រុមតន្ត្រីបុរសនៅកូរ៉េខាងត្បូង និងជប៉ុន វត្តមានកម្មវិធីទូរទស្សន៍ និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃអ៊ីនធឺណិតរបស់ចិន។
អាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរិះគន់កាន់តែខ្លាំងឡើងអំពីអាកប្បកិរិយាដែលមានទំនោរ លើកទឹកចិត្តឲ្យអ្នកគាំទ្រចំណាយទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីគាំទ្រតារាដែលជា និមិត្តរូបរបស់ពួកគេ។
ចាប់តាំងពីមានការឃុំខ្លួនលោក Wu ក្រុមហ៊ុនអន្តរជាតិជាច្រើន បានលុបចោលកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយរូបលោក ។ហើយ បណ្តាញសង្គម Tencent និង Weibo បានបិទក្រុមអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាអ្នកគាំទ្ររបស់គាត់។ ហើយក៏មានអ្នកគាំទ្រមួយចំនួនបាននិយាយ ថាពួកគេជឿជាក់លើលោក Wu ហើយនឹងរង់ចាំការដោះលែងរូបលោក។ អ្នកគាំទ្រជ្រុលនិយមខ្លះថែមទាំង និយាយថាពួកគេមានគម្រោងបំបែកពន្ធនាគារ ដើម្បីដោះលែងលោក Wuទៀតផង ។

ប្រភព៖ SCMP