ខឹងយុវជនពីរនាក់ជិះម៉ូតូមកគប់រថយន្តបើកដេញបុកស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងខឹង និងយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងមកគប់រថយន្តបើកដេញបុកបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ ២០២០ នៅចំណុចមុខសាលាភូមិន្ទរដ្ឋបាល តាមដោយផ្លូវ ៦៣កែងនិងផ្លូវ៤៦៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឡេង ភេទប្រុស អាយុប្រមាណជាង ២០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ញឹន សាវឿន ភេទប្រុសអាយុ ៤០ ឆ្នាំមុខរបរអ្នកបើករថយន្តក្រុមហ៊ុន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីបុរសបើករថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាកALPHAD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BB-5573នៅតាមបណ្ដោយផ្លូវ ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណៈនោះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកប៊ីតពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1HA-2009ធ្វើដំណើរមកពីក្រោយបានគប់ទៅលើរថយន្តរបស់គាត់ភ្លាមនោះរូបគាត់ខឹងយបានបើករថយន្តដេញរហូតមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ បន្ទាប់មករូបគាត់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីខាងលើនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner